Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចោរអស់លក្ខណ៍ លួចកាច់កម៉ូតូមិនបានសម្រេចត្រូវប្រជាពលរដ្ឋព្រលះអស់ចិត្ត រួចប្រគល់ជូនកម្លាំងនគរបាលចាប់វាយខ្នោះបានម្នាក់

03-01-2017 09:48

(កណ្តាល)៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ នៅចំណុចផ្សារបឹងខ្យាង ភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តែមិនបានសម្រេច ក៏ត្រូវម្ចាស់ម៉ូតូពួតដៃជាមួយប្រជាពលរដ្ឋដេញចាប់បានម្នាក់ ព្រលះម្នាក់ដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ជូនកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ចំណែកម្នាក់ទៀតជិះម៉ូតូរបស់ខ្លួនរត់គេចបាត់។

នគរបាលបានឲ្យដឹងថា សកម្មភាពលួចខាងលើនេះ កើតឡើងនៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧។ ម្ចាស់ម៉ូតូមានឈ្មោះ ងិន វិច្ឆិកា អាយុ២៣ឆ្នាំ មានមុខរបរជាងជួសជុលទូរស័ព្ទ រស់នៅភូមិ-ឃុំកើតខាងលើ។ ម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1FR-8059។

ចំណែកជនសង្ស័យ ដែលកម្លាំងនគរបាលឃាត់ខ្លួនបាន មានឈ្មោះ វ៉ាន់ នឿន អាយុ៣១ឆ្នាំ និងម្នាក់ទៀតកំពុងរត់គេចខ្លួន ឈ្មោះ ពៅ អាយុ៣៨ឆ្នាំ រស់នៅភូមិស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមួយគ្នា។

នគរបាលបានបន្តថា មុនពេលកើតហេតុ គេឃើញម្ចាស់ម៉ូតូឈប់ម៉ូតូចោល នៅចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ២នាក់នោះ ជិះម៉ូតូមកដល់ ម្នាក់ចុះធ្វើសកម្មភាពកាច់កម៉ូតូ ភ្លាមនោះម្ចាស់ម៉ូតូបានឃើញទាន់ រួចស្រែកថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់រត់គេចខ្លួន។

ភ្លាមៗនោះដែរ ម្ចាស់ម៉ូតូសហការជាមួយប្រជាពលរដ្ឋ បានដេញប្រផាប់ចាប់ប្រភីងបានម្នាក់ ចំណែកម្នាក់ទៀត បានបើកម៉ូតូរត់គេចខ្លួនបាត់។ ក្រោយឃាត់ខ្លួនបាន កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង បានធ្វើការឆែកឆេររកឃើញវត្ថុតាងនៅជាប់នឹងខ្លួន មានសោរាងអក្សរ L មួយដើម។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំបញ្ជូនទៅកាន់តុលាការចាត់ទៅតាមផ្លូវច្បាប់៕