(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតដំបូងរបស់ខ្លួន នៅតាមសាលាឃុំ-សង្កាត់ ឲ្យគ្រប់ៗគ្នា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះ។
នៅថ្ងៃនេះ គ.ជ.ប ធ្វើការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុបឈ្មោះចេញ ពីបញ្ជីឈ្មោះបោះឆ្នោត នៅគ្រប់សាលាឃុំ-សង្កាត់ និងនៅតាមទីប្រជុំជននានា ទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ បញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុបចេញ ពីបញ្ជីឈ្មោះបោះឆ្នោតដំបូង ក៏មានចេញផ្សាយនៅក្នុងគេហទំព័ររបស់ គ.ជ.ប ផងដែរ (http://voterlist.org.kh/)។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាព Fresh News ថា «ការបិទបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុបចេញ ពីបញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ គឺបិទនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ តែ១ថ្ងៃទេ គឺនៅគ្រប់សាលាឃុំ-សង្កាត់ទាំងអស់ ទៅទូទាំងប្រទេស ហើយចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែមករា យើងទុកពេលឲ្យប្រជាពលរដ្ឋលោកប្ដឹងតវ៉ា និងប្ដឹងជំទាស់»។
លោកបានពន្យល់ថា ការប្ដឹងតវ៉ា គឺធ្វើដោយសាម៉ីខ្លួន លើបញ្ហាមានការខុសឈ្មោះ ខុសអក្ខរាវិរុទ្ធណាមួយ នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ចំណែកការប្ដឹងជំទាស់ គឺធ្វើឡើងដោយអ្នកដទៃ ដែលមិនសុខចិត្ត ទៅនឹងពលរដ្ឋណាម្នាក់ ដែលសង្ស័យថា មិនមានសញ្ជាតិខ្មែរពិតប្រាកដ ក៏ដូចជាមិនគ្រប់លក្ខខណ្ឌ ក្នុងការចុះឈ្មោះបោះឆ្នោត តែមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូង។
លោក ហង្ស ពុទ្ធា បានពន្យល់ថា ការប្ដឹងតវ៉ា និងប្ដឹងជំទាស់ ត្រូវធ្វើឡើងជាដំណាក់កាល គឺដំបូងប្រជាពលរដ្ឋត្រូវប្ដឹងទៅក្រុមប្រឹក្សាឃុំ-សង្កាត់ជាមុនសិន តែបើមិនសុខចិត្តទេ ប្រជាពលរដ្ឋត្រូវឡើងមកប្ដឹង នៅទីស្ដីការនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ ហើយបើនៅតែមិនសុខចិត្តទៀត ប្រជាពលរដ្ឋអាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្តទៀតបាន។
លើសពីនេះ លោកអ្នកនាំពាក្យ ហង្ស ពុទ្ធា បានបញ្ជាក់ថា កំឡុងពេល១០ថ្ងៃ សម្រាប់ការប្ដឹងតវ៉ា និងប្ដឹងទាស់នោះ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារ គ.ជ.ប នឹងដោះសា្រយជូនប្រជាពលរដ្ឋភ្លាមៗ។
ទោះយ៉ាងណា លោក ហង្ស ពុទ្ធា បានទទូចហើយទទូចទៀត សូមប្រជាពលរដ្ឋទៅពិនិត្យបញ្ជី ឈ្មោះបោះឆ្នោតដំបូងរបស់ខ្លួន ឲ្យបានគ្រប់គ្នាជាកំហិត ដើម្បីទទួលបានសិទ្ធិបោះឆ្នោត ពេញលេញ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ៕