(ស្ទឹងត្រែង)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមមន្ត្រីជួបប្រជុំពិភាក្សា ការងារជាមួយ លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង និងមន្ត្រីពាក់ព័ន្ធក្នុងខេត្ត ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ ព្រឹត្តិការណ៍បុណ្យទន្លេ នៅចុងខែមិនា ឆ្នាំ២០១៧ ខាងមុខ។
លោក ថោង ខុន បានបញ្ជាក់ថា «បុណ្យទនេ្ល គឺជាបុណ្យអេកូទេសចរណ៍មួយ ដែលប្រទេសតាមដងទន្លេមេគង្គ ឬតាមដងទនេ្លគង្គា ក្នុងប្រទេសឥណ្ឌា តែងប្រារព្ធធ្វើឡើងដើម្បីរំលឹកគុណដល់ព្រះម៉ែគង្គា និងដើម្បីរួមគ្នាថែរក្សាបរិស្ថាន ជីវចម្រុះ និងផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់ របស់សហគមន៍ប្រជាជន តាមដងទន្លេ សំដៅរួមចំណែកទាក់ទាញទេសចរបែបធម្មជាតិ (អេកូទេសចរណ៍) នាំចំណូលបានច្រើនដល់ប្រជាជនសហគមន៍តាមដងទន្លេ»។
សូមរម្លឹកថា បុណ្យទន្លេនេះ បានប្រារព្ធឡើង២ដងរួចមកហើយ គឺនៅឆ្នាំ២០១៤ ធ្វើឡើងក្នុងខេត្តក្រចេះ និងនៅឆ្នាំ២០១៥ ធ្វើឡើងក្នុងខេត្តកំពង់ចាម។ ម្យ៉ាងទៀត ក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍មេគង្គ ក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន និងផែនការយុទ្ធសាស្ត្រទេសចរណ៍ ក្នុងមហាអនុតំបន់មេគង្គ (GMS) ពិសេសតាមស្មារតី នៃកិច្ចប្រជុំកំពូល CLV ថ្មីៗនេះ ស្តីអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលពោរពេញទៅដោយ សក្តានុពលទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍សហគមន៍អេកូទេសចរណ៍។
បច្ចុប្បន្នខេត្តស្ទឹងត្រែង មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បានយ៉ាងល្អ ពីតំបន់បេតិកភណ្ឌពិភពលោកវត្តភូ ប្រទេសឡាវ មកតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទអង្គរវត្ត តាមផ្លូវជាតិលេខ៩ថ្មី ដែលទេសចរភាគច្រើនកំពុងពេញនិយម។ មួយទៀតសោត តំបន់នេះក៏មានរមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ទឹកធ្លាក់ល្បាក់ខោន ទាំងខាងខោនផាក់ផេង (ឡាវ) និងខាងទឹកធ្លាក់ព្រះនិមិ្មត និងសុភមិត្រ (កម្ពុជា) មានតំបន់ទេសចរណ៍ផ្សងព្រេង តាមដងទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក តំបន់ជម្រកសត្វស្លាបដ៏ធំ នៅសៀងប៉ាង ជម្រកសត្វនៃឧទ្យានជាតិវីរជ័យ ពិសេសតំបន់សត្វផ្សោតទន្លេមេគង្គ (សហគមន៍អេកូទេសចរណ៍ព្រះរំកិល) តំបន់ RAMSA ជាដើម។
លោករដ្ឋមន្រ្តីបានបន្តថា ខេត្តស្ទឹងត្រែងនៅមានមានសក្តានុពលទេសចរណ៍ជាច្រើនទៀត ដែលអាចរៀបចំជាសហគមន៍ទេសចរណ៍ ដែល ASEAN ក៏កំពុងយកចិត្តទុកដាក់ ជំរុញលើកទឹកចិត្ត និងដាក់ចេញនូវស្តង់ដារសហគមន៍ទេសចរណ៍រួមមួយរបស់ ASEAN។
ដោយឡែកបុណ្យទន្លេ ជាឱកាសដ៏ល្អមួយដើម្បីជួយជាមូលដ្ឋាន ក្នុងការជំរុញការអភិវឌ្ឍទឹកដីរបស់ខ្លួន ពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍។
ឆ្លៀតឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានចូលទៅទស្សនាច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល (កម្ពុជា) និងណងណុខឃាង (ឡាវ) ផងដែរ ដែលប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ គ្រោងនឹងអញ្ជើញទៅសម្ពោធនៅសប្តាហ៍ក្រោយនេះ៕