(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា នៅក្នុងដំណើរការបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទ្រង់ទ្រាយធំ ដំណាក់កាលទី១ ក្នុងរយៈពេល១ថ្ងៃដំបូង គឺថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ មានតែរាជធានីខេត្តចំនួន១១ប៉ុណ្ណោះ បានបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្នាក់រាជធានី-ខេត្ត ដោយបង្ក្រាបជនល្មើសបាន៦៦នាក់ នេះបើយោងតាមការចុះផ្សាយរបស់គេហទំពរអគ្គស្នងការនគរបាលជាតិ។
ថ្លែងក្នុងកិច្ចប្រជុំលេខាធិការដ្ឋានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅក្នុងដំណើរអនុវត្តយុទ្ធនាការនេះ សម្រាប់ខេត្ត ដែលមិនបានធ្វើរបាយការណ៍មកក្រុមលេខាធិការដ្ឋាន គឺត្រូវបានចាត់ទុក ខេត្តនោះ នៅមិនទាន់ចុះធ្វើសកម្មភាពបង្ក្រាបគ្រឿងញៀននៅខេត្តរបស់ខ្លួននោះទេ។
សម្រាប់រាជធានី-ខេត្តទាំង១១ ដែលចុះប្រតិបត្តិការផ្សព្វផ្សាយនិងបង្រ្កាបគ្រឿងញៀនខុសច្បាប់នោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ សៀមរាប កណ្តាល កំពង់ចាម បន្ទាយមានជ័យ និងខេត្តរតនគិរី។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ គឺនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនដំណាក់កាលទី១ ចុះប្រតិបត្តិការចុះបង្ក្រាបទទួលលទ្ធផលជារួម គឺបង្ក្រាបបាន២៣ករណី ឃាត់ខ្លួនជនល្មើសបាន៦៦នាក់ ក្នុងនោះស្រីមាន៨នាក់ ចាប់យកគ្រឿងញៀន ICE ២៨កញ្ចប់តូច និងWY បាន២៨គ្រាប់។
នៅក្នុងដំណើរការចុះប្រតិបត្តិការបស់អាជ្ញាធរមានសមត្ថកិច្ច គឺឃាត់ខ្លួនជនជួញដូរគ្រឿងញៀនបាន៤៧នាក់ ស្រី៦នាក់ ស្មើនឹង ១៦ករណី ឃាត់ខ្លួនអ្នកសំយោគ កែច្នៃរគ្រឿងញៀនបាន១ករណី មានជនល្មើស៣នាក់ និងឃាត់ខ្លួនអ្នកប្រើប្រាស់បាន១៦នាក់ស្រី២នាក់ ស្មើនឹង៦ករណី ៕