(ព្រះសីហនុ)៖ កម្លាំងមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្តប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ជាបន្តបន្ទាប់ រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ៣នាក់ ព្រមទាំងដកហូតថ្នាំញៀន ចំនួន២៧កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។
មន្រ្តីអាវុធហត្ថបានបញ្ជាក់ថា ករណីទី១ នៅវេលាម៉ោង១៤:៣០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងមន្ទីរយុត្តិធម៌ចំនួន០៧នាក់បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចផ្លូវសេតេក្រុមទី១២ ភូមិ០៣ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ០១ឈ្មោះនិតសុភ័ក្ត្រភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។
ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូត ម្សៅសថ្លា២៣កញ្ចប់(ធំ០៤-តូច១៩), ថ្នាំគ្រាប់ពណ៍ផ្កាឈូក=០១គ្រាប់, លុយ=១០០.០០០៛, ដាវសាំម៉ូរ៉ៃ=០២, ដបជក់=០១, ទូរស័ព្ទដៃ=០២គ្រឿងនិងថង់សម្រាប់ច្រកថ្នាំមួយចំនួនធំ។
ករណីទី២ នៅវេលាម៉ោង១៦:១៥នាទីថ្ងៃដដែលនេះនៅចំណុចចំណតរថយន្តស្រាបៀរអង្គរ ក្រុមទី១៥ ភូមិ០១សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់៖ ១-ឈ្មោះ យ៉ូ ជា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត ភូមិព្រាល២ ឃុំថ្មពូន ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅ ក្រោយផ្សារសាន់ហាន់ (ទួលសង្កែ) រាជធានីភ្នំពេញ (ជួញដូរគ្រឿងញៀន២-ឈ្មោះ.លាង ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត ភូមិធំ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅ មិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន)។
ក្រោយចាប់ខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថ បានដកហូតម្សៅសថ្លា=០៤កញ្ចប់តូច, ដែកកេះ=០៤, ដបជក់=០១, លុយ=២០$, ទូរស័ព្ទដៃ=០៣គ្រឿង, ប័ណ្ណបើកបរ=០២, ថង់សម្រាប់ច្រកថ្នាំមួយចំនួនធំ និងរថយន្ត=០១គ្រឿង ប្រភេទកុងតឺន័រដឹកស្រាបៀរពណ៌ក្រហមពាក់ស្លាកលេខ ព្រះសីហនុ 3A-0432។
សម្រាប់ជនសង្ស័យ និងវត្ថុតាង ការិ-ជំនាញបទល្មើសគ្រឿងញៀន កំពុងអនុវត្តតាមនិតិវិធីបន្ត។
ដោយអនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តន៍យន្តកាខាងលើ ពិសេសលោកមេបញ្ជាការបានជំរុញ ដាស់តឿនក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម ហើយបង្ក្រាបបានជាបន្តបន្ទាប់ មិនឈប់ទាល់តែអស់ បទល្មើស ពិសេសបទល្មើសគ្រឿងញៀន។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត៕