(ភ្នំពេញ)៖ នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានប្រជុំផ្សព្វផ្សាយ របាយការណ៍ បូកសរុបលទ្ធ ផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់គណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ដល់មន្ត្រីនគរបាលនៅក្នុងនាយកដ្ឋាននគរបាលចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
នៅក្នុងអង្គរប្រជុំនោះដែរ លោកឧត្តមសេនីយ៍ បានផ្សព្វផ្សាយពីលទ្ធផល នៃការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក រយៈពេល១ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផល ល្អប្រសើរ នេះបើយោង តាមរបាយការណ៍ របស់គណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ នៅក្នុងឆ្នាំ២០១៦ ដោយមានការចូល រួមយ៉ាង ខ្លាំងពីមន្ត្រីនគរ បាលចរាចរណ៍ និងស្ថាបនពាក់ព័ន្ធទាំងអស់ បានធើ្វឲ្យគ្រោះថ្នាក់ថយចុះចំនួន ៤៤៣លើក ស្មើ១១% អ្នកស្លាប់ថយចំនួន ២៧១នាក់ ស្មើ ១៤% និងអ្នករបួសថយចំនួន ៥៤២នាក់ ស្មើ៨% បើធៀបទៅនឹងឆ្នាំ២០១៥។
លោកឧត្តមសេនីយ៍ ក៏បានបន្ថែទៀតថា ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ល្អប្រសើរជាងនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានដាក់ចេញនូវផែនការ ដូចខាងក្រោម៖
* បន្តពង្រឹងយន្តការដឹកនាំ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ គ្រប់ថ្នាក់
* បន្តជំរុញការផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក
* បន្តជំរុញការរឹតបន្តឹងត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក
* បន្តជំរុញការផ្តល់សេវាសាធារណៈក្នុងការផ្តល់លិខិស្នាមពាក់ព័ន្ធការបើកបរយានយន្ត
* បន្តជំរុញបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់
* ជំរុញការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញា ។ល។
* បន្តការតាក់តែងបទដ្ឋាននានាបំរើដល់ការអនុវត្តច្បាប់
* បន្តពង្រឹងយន្តការតាមដានប្រតិកម្មរបស់សាធារណជនដើម្បីធ្វើការឆ្លើយតបឲ្យទាន់ពេលវេលា។
ជាចុងក្រោយលោកឧត្តមសេនីយ៍ ក៏បានផ្សព្វផ្សាយនូវគោលការណ៍សីលធម៌ចំនួន ១០ចំណុច សម្រាប់ឲ្យមន្ត្រីនគរបាលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យផ្សព្វផ្សាយដល់អ្នកបើកបរ ដើម្បីចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាពគឺ៖ មិនត្រូវ និងត្រូវ
* បើកបរមិនត្រូវ
១៖ មិនលើសល្បឿនកំណត់ជាដាច់ខាត។
២៖ មិនសេពគ្រឿងស្រវឹងជាដាច់ខាត។
៣៖ មិនសេពគ្រឿងញៀនជាដាច់ខាត។
៤៖ មិនស្ថិតនៅក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
* ពេលបើកបរត្រូវ
៥៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច។
៦៖ ត្រូវពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាពជានិច្ច។
៧៖ ត្រូវប្រកាន់ស្តាំជានិច្ច។
៨៖ ត្រូវពិនិត្យលក្ខណៈបច្ចេកទេស យានយន្តជានិច្ច។
៩៖ ត្រូវចេះបើកបរជាដាច់ខាត។
១០៖ ត្រូវប្រុងប្រយ័ត្នជានិច្ច៕