(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដោយផ្តោតលើរបៀបវារៈចំនួន ៤ធំៗ។
របៀបវារៈទាំង៤ក្នុងកិច្ចប្រជុំនោះ រួមមាន៖ ទី១.បញ្ហាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងខណ្ឌដូនពេញ, ទី២.បញ្ហាការគ្រប់គ្រង និងទប់ស្កាត់សំណង់ខុសច្បាប់គ្រប់ប្រភេទ, ទី៣.បញ្ហាថែរក្សាសណ្តាប់ធា្នប់សាធារណៈ និងទី៤. បញ្ហាទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀនខុសច្បាប់គ្រប់រូបភាព។
កិច្ចប្រជុំខាងលើ ក៏មានវត្តមានចូលរួមពីលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកអភិបាលរងខណ្ឌ នាយក-នាយករង លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រីចៅសង្កាត់ទាំង១១ លោកនាយប៉ុស្តិ៍ទាំង១១ ប្រធានសណ្តាប់ធ្នាប់ខណ្ឌ ប្រធានផ្សារទាំង៣ និងមន្ត្រីការិយាល័យចំណុះរដ្ឋបាលខណ្ឌដូនពេញ ផងដែរ៕