(ភ្នំពេញ)៖ ក្នុងឱកាសឆ្លងថ្មីឆ្នាំសកល២០១៧នេះ តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរកាន់តែច្រើនលើសពីឆ្នាំមុនៗ ក្នុងនោះខេត្តសៀមរាប ទទួលបានជាង ២០ម៉ឺននាក់ កើនជាង៣០ភាគរយ ខណៈខេត្តឆ្នេរសមុទ្រដូចជាកំពត កែប ព្រះសីហនុ ក៏មានការកើនឡើងច្រើនផងដែរ។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះថា ឆ្លងឆ្នាំសកលឆ្នាំនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ២០ម៉ឺននាក់ ពោលកើនឡើងជាង ៣០ភាគរយបើធៀបឆ្នាំ២០១៦។ ក្នុងនោះមានភ្ញៀវអន្តរជាតិប្រមាណ ៣ម៉ឺននាក់ កើនឡើង ៨ភាគរយ។
សម្រាប់ខេត្តឆ្នេរសមុទ្ររួមមានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ក៏ដូចជាតំបន់ទេសចរណ៍តាមបណ្តាខេត្តផ្សេងទៀត ក៏ត្រូវបានកត់សម្គាល់ឃើញថា មានការកើនឡើងច្រើនផងដែរ។ ទាំងនៅយប់រាត្រីឆ្លងឆ្នាំ ក៏ដូចជាថ្ងៃទី០១ មករា ជាថ្ងៃដំបូងឆ្នាំ២០១៧នោះ គេសង្កេតឃើញនៅតាមតំបន់ទេសចរណ៍នានា មានប្រជាពលរដ្ឋខ្មែរច្រើនកកកុញនាំក្រុមគ្រួសារទៅលេងកម្សាន្ត។
អង្គភាពសារព័ត៌មាន Fresh News បានព្យាយាមសុំការបញ្ជាក់តួលេខនៃចំនួនអ្នកទៅលេងកម្សាននៅខេត្តព្រះសីហនុ ក៏ដូចជាខេត្ត កំពតពីលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និង លោក ចាន់ ចេស្ដា អភិបាលខេត្តកំពត តែទូរស័ព្ទរបស់ពួកលោកទូរស័ព្ទចូលហើយមិនមានអ្នកលើកនោះទេ។
បើតាមលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ ក្រសួងទេសចរណ៍បានសម្លឹងឃើញថា ភ្ញៀវទេសចរបានទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ធំៗជាច្រើន ពិសេសខេត្តព្រះសីហនុ ក៏មានភ្ញៀវទេសចរទៅលេងច្រើនណាស់»។
លោករដ្ឋលេខាធិការបានបន្តថា កត្តាដែលជំរុញខេត្តព្រះសីហនុមានចំនួនភ្ញៀវទេសចរ ទៅទស្សនាច្រើនខ្លាំងនោះ ដោយសារបានទទួលព្រះវត្តមាន ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហមុនីនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់ បានយាងចូលរួមឆ្លងឆ្នាំសកលនៅទីនោះ ដែលទាំងអស់នេះ បានបញ្ជាក់អំពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសគឺវិស័យទេសចរណ៍ បានកែប្រែខេត្តភាគនិរតីមួយនេះ មានការរីកចម្រើនខ្លាំង។
ជាការកត់សម្គាល់ការចូលរួមប្រារព្ធពិធីបុណ្យឆ្លងឆ្នាំនៅកម្ពុជាកាន់តែមានសភាពផុលផុសច្រើន ហើយនិន្នាការដើរលេងកម្សាន្តនៅថ្ងៃឆ្លងឆ្នាំ ក៏កំពុងកើនឡើងខ្លាំងផងដែរ។ ការកើនឡើងនេះ ត្រូវបានគេវាយតម្លៃថា បណ្តាលមកពីការកើនឡើងកាន់តែច្រើន នៃចំនួនប្រជា ពលរដ្ឋ។ កត្តាពិសេសមួយទៀត គឺកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរផ្តល់ឲ្យពួកគាត់មានលទ្ធភាពអាចដើរលេងកម្សាន្ត បាន មួយវិញទៀតកត្តាសុខសន្តិភាព និងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយ៉ាងប្រទាក់ក្រឡាគ្នាពីខេត្តមួយទៅកាន់ខេត្តមួយ ជួយឲ្យ ការធ្វើដំណើរកាន់តែងាយស្រួល៕