(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសមិនឱ្យមានសមាគម និងអង្គការក្រៅរដ្ឋាភិបាល ជួបជុំរៀបចំពិធីណាមួយ តំបន់ផ្លូវវេងស្រេង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ស្អែកនេះទេ។ នេះបើតាមលិខិតរបស់ លោកអភិបាលរាជធានី ផ្ញើទៅកាន់អភិបាលខណ្ឌមានជ័យ នៅថ្ងៃទី០២ ខែមករានេះ។
ការចេញលិខិតរបស់ លោក ប៉ា សុជាតិវង្ស បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានបានផ្សព្វផ្សាយថា សង្គមស៊ីវិល និងអ្នករងគ្រោះមួយចំនួន គ្រោងរម្លឹកខួប៣ឆ្នាំ នៃការប៉ះទង្គិចគ្នារហូតដល់មានអ្នកស្លាប់ នៅលើផ្លូវវ៉េងស្រេង នៅថ្ងៃស្អែកនេះ ដើម្បីឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់ដោយការប៉ះទង្គិចគ្នានេះ។
លោក ប៉ា សុជាតិវង្ស បានព្រមាននៅក្នុងលិខិតនោះថា ចំពោះជនណាដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈដូចបានពោលខាងលើ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានហ្មឹងម៉ាត់។
លោក ប៉ា សុជាតិវង្ស ក៏បានបញ្ជាក់ដែរថា បើសិនជាពួកគេចង់រៀបចំពិធីនោះមែន ត្រូវធ្វើនៅទីវត្តអារាម ឬនៅលំនៅដ្ឋានជនរងគ្រោះ៕