(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឲ្យគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំង២៥ បើកកិច្ចប្រជុំយ៉ាងយូរពីរសប្តាហ៍ម្តង ដើម្បីពិនិត្យ និងដោះស្រាយបញ្ហានៅក្នុងទឹកដីរបស់ខ្លួន។
ការថ្លែងជំរុញរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បង្កើតឡើងមក ដើម្បីឲ្យមានការធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធរវាងអភិបាលរាជធានី ខេត្ត ជាមួយស្នងការនគរបាល និងមេបញ្ជាកងរាជអាវុធហត្ថនៅរាជធានី ខេត្ត ក្នុងការដោះស្រាយបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាផ្សេងៗទៀតនៅក្នុងដែនដីគ្រប់គ្រង ដែលខ្លួនគ្រប់គ្រង។
សម្តេចក្រឡាហោមថា រាល់កិច្ចប្រជុំត្រូវប្រមូលរាល់ព័ត៌មាន និងបញ្ហា ដែលកើតមាន ហើយត្រូវដាក់ចេញនូវយន្តការដោះស្រាយមួយដ៏ច្បាស់លាស់។
ទន្ទឹមនិងការជំរុញឲ្យមានការបើកកិច្ចប្រជុំឲ្យបានញឹកញាប់ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពហើយនោះ សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពខេត្ត ត្រូវបង្កើនការចុះទៅកាន់មូលដ្ឋានជួប និងស្តាប់ប្រជាពលរដ្ឋដោយផ្ទាល់ផងដែរ ដើម្បីដោះស្រាយបញ្ហាឲ្យចំគោលដៅ និងកាន់តែមានប្រសិទ្ធភាព។
នៅក្នុងប្រជុំនាព្រឹកមិញនេះ សម្តេចក្រឡាហោម ស ខេង ក៏បានលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នាំឲ្យអត្រាអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរនៅឆ្នាំ២០១៦ បានថយចុះច្រើន បើធៀបនិងឆ្នាំ២០១៥។ បើតាមសម្តេចក្រឡាហោម ស ខេង អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរថយចុះ ៣០០នាក់ និងអ្នករបួសថយចុះជិត ១ពាន់នាក់៕