(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានបើកប្រត្តបត្តិការ ដាក់៣គោលដៅទាំងព្រឹក ដើម្បីអនុវត្តន៍យុទ្ធនាការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស រហូតអាច​ឈាន​ទៅឡោមព័ទ្ធ បង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀនស្រីប្រុស ជាបន្តបន្ទាប់ ដល់ទៅ១៤នាក់ និងដកហូតបានថ្នាំញៀន១៦កញ្ចប់ រួមជាមួយសម្ភារ ជក់ហ្ស៊ីហ្សា និង​ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាល ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ក្នុងប្រត្តបត្តិការបង្ក្រាបក្រុមគ្រឿងញៀននេះ ត្រូវបានធ្វើឡើងដោយ​ប្រើពេលមួយ​ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់​ជ្រោយចង្វារ និងសង្កាត់ជ្រោយចង្វារ។

លោកថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានការណែនាំពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីអនុវត្តន៍​យុទ្ធនា​ការបង្ក្រាប​គ្រឿងញៀន ទូទាំង​ប្រ​ទេស ដោយកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារ និងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍បាក់ខែង សហការជាមួយ​កម្លាំងនគរបាល​ខណ្ឌ បានបើកប្រត្តបត្តិការដាក់៣គោលដៅទាំងព្រឹក ដោយកំណត់​បាននូវ​ទីតាំងរហូតឈានទៅដល់ការឡោមព័ទ្ធបង្ក្រាបជនសង្ស័យបាន១៣នាក់ ជាបន្តបន្ទាប់​ក្នុង​នោះមានស្រី៣នាក់ ដែលបក្ខពួកទាំងនេះ កំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន និងដកហូតបាន​ថ្នាំញៀន១២​កញ្ចប់តូចរួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀន សម្ភារជក់ហ្ស៊ីហ្សាមួយចំនួន ស្ថិតក្នុងសង្កាត់បាក់ខែង។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ក្រោយបង្ក្រាបបក្ខពួកប្រើប្រាស់គ្រឿងញៀនបាន១៣នាក់ ប្រហែលជាកន្លះម៉ោងក្រោយ កម្លាំងនគរបាលយើង​បានបន្តទៅកំណត់​ទីតាំងមួយ​កន្លែងទៀត ស្ថិតក្នុង​សង្កាត់បាក់ខែង អាចឈានទៅឡោមព័ទ្ធរហូតឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀន បានម្នាក់ទៀត ដកហូតបានថ្នាំញៀន៤កញ្ចប់ និងអាវុធ​កែច្នៃ១ដើម រួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនបន្ថែម។

អធិការរងដដែលបានឲ្យដឹងថា ក្រោយបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀនទាំង១៤នាក់ជាបន្តបន្ទាប់ រួមជាមួយវត្ថុតាង ដែលដកហូតបានក្នុង​ប្រត្តបត្តិការ​អនុវត្តន៍យុទ្ធនាការ​បង្ក្រាបគ្រឿងញៀន​នូវទូទាំង​ប្រទេសនេះ ត្រូវបញ្ជូនមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបន្តអនុវត្តន៍តាមនិតិវិធី៕