Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ៖ លោក តុល ផាន់ ត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អាណត្តិទី២

02-01-2017 17:41

(ភ្នំពេញ)៖ ក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីជ្រើសរើសប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) នាភោជនីយដ្ឋានទន្លេបាសាក់២ លោក តុល ផាន់មឿង ត្រូវបានជ្រើសរើសជាប្រធាន CCNU អាណត្តិទី២ ជំនួសលោកស្រី ទេព គឹមវណ្ណរី ប្រធាន CCNU អាណត្តិទី១។

ពិធីជ្រើសរើសប្រធានក្រុមប្រឹក្សាសហជីពនេះ ត្រូវបានប្រព្រឹត្តិទៅ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។

លោករដ្ឋមន្រ្តី អ៊ិត សំហេង បានឲ្យដឹងថា ការតែងតាំងលោក តុង ផាន់មឿង ជាប្រធានកក្រុមប្រឹក្សាសហជីពជាតិកម្ពុជាថ្មី នាពេលនេះ កាន់តែឆ្លុះបញ្ចាំងឲ្យឃើញថា ការជ្រើសតាំងប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាថ្មី នឹងធ្វើឲ្យស្ថាប័ននេះបង្កើនការចុះជួយកម្មករនិយោជិត កាន់តែប្រសើរឡើងថែមទៀត។

លោករដ្ឋមន្រ្តីបានបន្តថា «ការតែងតាំងនេះ កើតចេញពីការជ្រើសរើស និងបោះឆ្នោតដោយត្រឹមត្រូវបំផុត ដោយគ្មានការលំអៀង ដូចការលើកឡើងពីសំណាក់ជនមួយចំនួនឡើយ»

ក្នុងតំណែងថ្មីនេះ លោក តុល ផាន់មឿន បានប្ដេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងបំពេញការងារនេះ ឲ្យបានល្អបំផុត ដើម្បីធ្វើឲ្យកម្មករនិយោជិត កាន់តែមានជីវភាពល្អប្រសើរជាងមុន និងធ្វើឲ្យវិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជា កាន់តែមានការរីកចម្រើនថែមទៀត។

សូមជម្រាបថា ក្រុមប្រឹក្សាសហជីពជាតិកម្ពុជានេះ កាលដើមឡើយមានសមាជិក ៥សហភាព និងគណៈអចិន្ត្រៃយ៍ចំនួន ១៧រូប ដែលដឹកនាំដោយលោក សោម អូន។ ដោយឡែក សម្រាប់អាណត្តិថ្មីនេះ មានសមាជិកចំនួន ៧សហភាពសហជីព ៦៦សហព័ន្ធសហជីព ៥សមាគម និង២អង្គការ ដែលជាសហជីពដ៏ធំ និងមានសមាជិកច្រើនជាងគេនៅកម្ពុជា៕