(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ មានអ្នកជំងឺជិត៧ពាន់នាក់ បានចូល និងចេញ ពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,២៧៧នាក់, អ្នកជំងឺអនុញ្ញាតឲ្យចូលសម្រាក់ព្យាបាល ៣៩៤នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៣៥នាក់, អត្រាប្រើប្រាស់គ្រែសរុបមាន១៤៤ភាគរយ, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាត សម្រាកព្យាបាលដោយមិនបង់ប្រាក់២៦ភាគរយ, ចំនួនវះកាត់សរុប៤៦នាក់, ការព្យាបាលដោយចលនា៣១៩នាក់, កុមារបានទទួលថ្នាំបង្ការ៦៩០នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់២៣នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៤៧នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៨នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២០៤នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច១៤៤នាក់, ពិនិត្យវិភាគដោយអេកូ ១០៤នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន២,៣៩៧នាក់។
មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា ការផ្ដល់អាហារ តាមបែបវេជ្ជសាស្ដ្រដោយ គិតតាមប្រភេទជំងឺ និងតាមក្រុមអាយុកុមារមួយថ្ងៃ ចំនួន៣ពេល ដោយមិនគិតប្រាក់ ដល់កុមារដែល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ១,០៤១នាក់។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារជាតិ មានទទួលវះកាត់ កុមារឆែបមាត់ ជើងខ្វេ ពីកំណើតដោយពុំមានបង់ប្រាក់។
បន្ថែមពីនេះ មន្ទីរពេទ្យកុមារជាតិ បានបញ្ជូនមន្ដ្រី៥រូប ទៅចូលរួមសិក្ខាសាលា និងបណ្ដុះបណ្ដាលអំពីជំងឺគ្រុនឈាម នៅខេត្តរតនគិរី និងបញ្ជូនមន្ដ្រី៧រូប ទៅចូលរួមសិក្ខាសាលាអំពីជំងឺ ILI-Surveillance នៅខេត្តស្វាយរៀង៕