(ភ្នំពេញ)៖ លោកឧកញ៉ាស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន JET GROUP និង SKYLAND ខុនដូ បានថ្លែងថា លោកសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានដឹកនាំប្រទេសទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ដែលបានផ្តល់ឱកាសឲ្យលោក និងអ្នកវិនិយោគដទៃទៀត អាចធ្វើការវិនិយោគ ក្នុងបរិយាកាស យ៉ាងល្អប្រសើរ។
លោកបានថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធពិធីខួបកំណើត របស់លោកឧកញ៉ា ដោយរៀបចំកម្មវិធីជប់លៀង និងប្រគុំតន្រ្តី ដើម្បីបង្កើនភាពស្និទ្ឋស្នាល ជាមួយមន្រ្តីភូមិ ឃុំ និងថ្នាក់ដឹកនាំទូទាំងស្រុកខ្សាច់កណ្តាល កាលពីចុងសប្តាហ៍នេះ។
លោកបន្តថា «សម្តេចតេជោ មានទស្សនវិស័យដ៏ភ្លឺស្វាង និងជាមគ្គុទេសក៍ដ៏ឆ្នើមរបស់ជាតិ ដែលបាននាំកម្ពុជា ចេញពីភ្នក់ភ្លើងនៃសង្រា្គម មកកាន់ប្រទេសមួយ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ និងបានទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិយ៉ាងច្រើន ឲ្យបោះទុនវិនិយោគ រាប់រយពាន់លានដុល្លារនៅប្រទេសនេះ រហូតដល់ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រសិទ្ឋិនាមកម្ពុជា ជាខ្លាសេដ្ឋកិច្ចថ្មីមួយ នៅក្នុងតំបន់នេះ»។
លោកឧកញ៉ា ក៏បានថ្លែងអំណរគុណ ចំពោះអ្នកមានគុណទាំងពីររបស់លោក គឺលោកឧកញ៉ាស្រី សុធា និងអ្នកម្តាយលោកស្រី ហ៊ុយ សារី ដែលបានបង្កើតរូបលោក ឲ្យបានធំដឹងក្តី និងបានផ្តល់ការអប់រំដ៏ល្អដល់លោក ដើម្បីអាចរួមអភិវឌ្ឍន៍ប្រទេស និងរួមចំណែកជួយក្នុងកិច្ចការសង្គម និងអាចជួយជនក្រីក្រ បានតាមលទ្ឋភាព របស់លោក ហើយប្រសិនជាគ្មានអ្នកមានគុណទាំងពីរ លោកមិនមានវត្តមាន នៅថ្ងៃនេះ និងអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍ ប្រទេសនោះទេ។
ក្រុមហ៊ុន SKYLAND បាននឹងកំពុងវិនិយោគ លើតំបន់វិហារសួគ៌ ស្រុកខ្សាច់កណ្តាលយ៉ាងច្រើន លើហេដ្ឋារចនាសម្ព័ន្ឋ ដូចជា ផ្លូវ ទឹកស្អាត អគ្គិសនី ទាក់ទាញរោងចក្រកាត់ដេរ ដែលបាននិងកំពុងផ្តល់ការងារ ដល់ប្រជាពលរដ្ឋនៅតំបន់នេះ និងមកពីបណ្តាខេត្តនានា រហូតដល់ជាង៤ម៉ឺននាក់។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ឋទាំងនេះ ក្រុមហ៊ុន SKYLAND ក៏បាននិងកំពុងវិនិយោគ លើទីលានប្រណាំងសេះ ម៉ូតូហោះ បាល់ទាត់ ប្រណាំងទូក និងទីលានប្រណាំងរថយន្ត ម៉ូតូធំ និងសកម្មភាពកីឡានៅតំបន់នេះ៕