(សៀមរាប)៖ អាជ្ញាធរក្រុងសៀមរាប គឺលោក ស៊ូ ប្លាតុង អភិបាលក្រុង បានបញ្ជាឱ្យលោក សោម សម្បត្តិ អភិបាលរងក្រុង និងលោក ស៊ាន គឹមឋាន នាយករងរដ្ឋបាលសាលាក្រុង ដឹកនាំក្រុមការងារក្រោមឱវាទចុះរុះរើ ទូរលក់គ្រឿងអលង្ការ នៅផ្សារលើធំថ្មី (ក្រុងសៀមរាប) ជួរសំគាល់ A9 ដែលមានតូបលេខ ៣៥A និង ៣៦A ជាកម្មសិទ្ធរបស់ឈ្មោះ តាំង សុបួយ ប្រជាពលរដ្ឋ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប នៅវេលាម៉ោង ០៦៖៤០នាទី ព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧។
តូបខាងលើនេះត្រូវបានម្ចាស់ឈ្មោះ តាំង សុបុយ ស្នើរសុំទៅសាលាក្រុង រយៈពេលជិតមួយឆ្នាំ ទើបចេញលិខិតអនុញ្ញាតិ លេខ៧៦៨/១៦ ក្រសរ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ លោក ស៊ូ ប្លាតុង អភិបាលក្រុងសៀមរាប ដោយផ្ទាល់ដើម្បីឱ្យដំណើរការរកស៊ីដូចគេឯង ដែលក្នុងនោះក៏មាន ហត្ថលេខាទទួលស្គាល់ពី លោក ស៊ាង ណារ៉េន ប្រធានគណៈកម្មការប្រតិបត្តិសមាគមអាជីវករសំណង់ផ្សារលើធំថ្មី លើលិខិតលេខ០០១ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ផងដែរ។
លោកស្រី តាំង សុបួយ ម្ចាស់តូបខាងលើរៀបរាប់ឱ្យដឹងថា៖ ក្រោយពីលោក សូ ប្លាតុង អភិបាលក្រុងសៀមរាប បានចេញលិខិតអនុញ្ញាតឱ្យលក់ដូរបានរយៈពេល ជាងមួយខែ សាលាក្រុងសៀមរាប បានចេញលិខិតមោឃៈមួយទៀត បដិសេធលិខិតអនុញ្ញាតិខាងលើ នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាថ្ងៃសម្រាកការងារ។ លោកស្រីបានបន្តថា អ្វីដែលលោកស្រីត្រូវការនោះ គឺគាត់សុំការអនុញ្ញាតបានរកស៊ីដូចគេឯង ហេតុអីបានជាអាជ្ញាធរក្រុងអនុញ្ញាតហើយ ត្រឡប់កែប្រែ ហាមឃាត់តែតូបគាត់។
លោកស្រីបានបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ លោក សោម សម្បត្តិ អភិបាលរងក្រុង និងលោក ស៊ាន គឹមឋាន បានចុះរឹបអូសយក ទូរលក់គ្រឿងអលង្ការមួយគ្រឿង មិនទាន់ដោះស្រាយផង ឥឡូវនេះ (ថ្ងៃទី០១ មករា ២០១៧) មករឹបអូសទូរយកមួយទៀតជាលើកទី២។
លោកស្រីបានបញ្ជាក់ទៀតថា៖ ក្រោយពីអភិបាលក្រុងបានចេញលិខិតបដិសេធនោះ លោកស្រីបានស្កាត់សុំជួបលោក ឃឹម ប៊ុនសុង អភិបាលខេត្ត ដើម្បីសុំអន្តរាគមន៍ ដោយបានយកឯកសាពាក់ព័ន្ធទាំងអស់បង្ហាញជូន ហើយលោកក៏បានអនុញ្ញាតិឱ្យគាត់ (លោកស្រី តាំង សុបួយ) បន្តការលក់ដូររបស់ខ្លួនជាធម្មតា មិនបានប៉ុន្មានថ្ងៃផង អភិបាលក្រុង បានបញ្ជាឱ្យកូនចៅ មកធ្វើការហាមឃាត់ទៀត។
ដោយហេតុនេះលោកស្រីមិនអស់ចិត្តបានទូរស័ព្ទទៅលោកអភិបាលខេត្ត ជាថ្មីម្ដងទៀត លោកអភិបាលខេត្ត នៅតែរក្សាចម្លើយដំណោះស្រាយអនុញ្ញាត ឱ្យគាត់លក់ដូរគ្រឿងអលង្ការដូចសព្វដងបន្តទៀត តែខាងសាលាក្រុងមិនអនុវត្តតាម។
លោក ស៊ូ ប្លាតុង អភិបាលក្រុងសៀមរាប បកស្រាយឱ្យដឹងនៅវេលាម៉ោង០៧៖១៣នាទីព្រឹកថ្ងៃ ទី០១ ខែមករា ឆ្នាំ២០១៧ នេះដែរថា៖ សាលាក្រុងធ្វើតាមច្បាប់ បើមានបទល្មើសជាក់ស្តែង ត្រូវតែរឹបអូសធ្វើកំណត់ហេតុតែម្តង មិនថា វេលាណាថ្ងៃណាឡើយ គឺសាលាក្រុងធ្វើការ ២៤ម៉ោង ។ លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា ៖ ម្ចាស់តូបធ្វើការផ្លាស់ប្តូរទូរ មិនបានប្រាប់អាជ្ញាធរក្រុងជាមុន ហើយតូបមានទំនាស់ ខាងសាលាក្រុង កំពុងធ្វើការដោះស្រាយជូនគាត់។ សម្រាប់ករណីនេះ គឺមានក្រុមអាជីវករផ្សារលើធំថ្មី បាននិយាយរិះគន់ ជាមួយនឹងចម្ងល់ថា ហេតុអីខាងអាជ្ញាធរក្រុង បានចេញលិខិតអនុញ្ញាតហើយ រួចចេញលិខិតបដិសេធទៅវិញ ស្រេចតែអំពើចិត្ត តើធ្វើការរបៀបយ៉ាងម៉េច និងចំថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាកទៀតផង អីក៏សកម្មម្ល៉េះ បើសិនជាការធ្វើសកម្មភាពបែបវិជ្ជមាន ដោះស្រាយជូនរាស្រ្ត សកម្មតែបែបនេះមិនដឹងល្អយ៉ាងណាទេ តែអារឿងរឹបអូស អត់ចាំស្អែកទេ អត់មានថ្ងៃសម្រាក គឺធ្វើ២៤ម៉ោងតែម្តង៕