(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បានចេញដីកាសម្រេចឃុំខ្លួនស្រ្តីម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារ និងលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។ ពោលស្រី្តរូបនេះ បានលួចក្លែងឯកសារលួចលក់ដីក្រុមហ៊ុនបរទេសជាង១០០០ហិកតា នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១៤ ដែលមានប្រធានក្រុមហ៊ុនជាជនអាល្លឺម៉ង់។
មន្រ្តីតុលាការបានឲ្យដឹងថា ជនជាប់ចោទដែលតុលាការឃុំខ្លួនឈ្មោះ នួន ច័ន្ទមករា អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៩៨C ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមមន្រ្តីតុលាការ ដើមបណ្ដឹងក្នុងសំណុំរឿងព្រហ្មទណ្ឌនេះឈ្មោះ Rainer Maria wollny អាយុ៦០ឆ្នាំ ជនជាតិអាល្លឺម៉ង់ ជាប្រធានក្រុមហ៊ុន «ដែលតាដាប់បែលយូត្រេឌីង» ដែលបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់នៅក្រសួងពាណិជ្ចកម្មតាំងពីឆ្នាំ២០០៤។ លោកស្រី នួន ច័ន្ទមករា ត្រូវបានចាប់ខ្លួនដោយដោយកងកម្លាំង នៃនគរបាលនាយកដ្ផានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចមណ្ឌលកំសាន្តកោះពេជ្រ ខណៈនាងចុះពីរថយន្ត។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៦ដើម្បីធ្វើការសាកសួរពីបទល្មើសដែលបានប្រព្រឹត្ត រហូតធ្វើការឃុំខ្លួនតែម្តងនៅថ្ងៃបន្ទាប់។
ក្រោយការសាកសួរពីលោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញជនជាប់ចោទ ត្រូវបានធ្វើការចោទប្រកាន់ជាផ្លូវការ ហើយត្រូវបានលោកចៅក្រម តុប ឈុនហេង ចេញដីកាសម្រេចឃុំខ្លួនដាក់ព្ធនាគារព្រៃសជាបណ្ដោះអាសន្នតែម្តង។
មន្រ្តីតុលាការ បានបន្ថែមថា ជនជាប់ចោទរូបនេះ បានប្រព្រឹត្តបទល្មើសនៅចំនុចភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១-៣ ខែមករា ឆ្នាំ២០១៤ និងក្នុងអំឡុងឆ្នាំ២០១៥-២០១៦។
ពាក់ព័ន្ធក្នុងសំណុំរឿងក្ដីនេះ មន្រ្តីតុលាការ និងឯកសារពាក់ព័ន្ធមួយចំនួន បានឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០០៤ លោក Rainer Maria Woollny បានចូលមកប្រទេសកម្ពុជា និងបានបើកក្រុមហ៊ុនមួយឈ្មោះ «ដែលតាដាប់បែលយូត្រេឌីង» ដើម្បីអភិវឌ្ឍលើវិស័យកសិកម្ម ដូចជា ការដាំល្ហុងខ្វង ដំឡូងមី និងចំការម្រុំជាដើម ដែលការអភិវឌ្ឍធ្វើឡើងមួយជំហានម្ដងៗ ទៅតាមទំហំទឹកដែលក្រុមហ៊ុន មានទុនវិនិយោគដែលជាភាគហ៊ុនរួមពីដៃគូរវិនិយោគនៅក្រៅប្រទេស។
ចាប់ពីអំឡុងឆ្នាំ២០០៤នោះមក លោក រ៉េន័រ ក៏បានទិញដីពីពលរដ្ឋស្របច្បាប់នៅក្នុងខេត្តកំពង់ស្ពឺ ដែលជាទីតាំងធំ នៃការអភិវឌ្ឍរបស់ក្រុមហ៊ុននេះ មានផ្ទៃដីសរុប១១០២ហិចតាស្ថិតនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការទទួលដឹងឮពីអាជ្ញាធរដែនដី ដូចដែលមានបង្ហាញនៅក្នុងប្លង់ឌឺម៉ាស ដែលវាស់វែងដោយឧបករGPS ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣។ ប៉ុន្តែនៅពេលនោះ ច្បាប់កម្ពុជាតម្រូវឲ្យជនបរទេសលោក Rainer Maria wollny កាន់កាប់ភាគហ៊ុន៤៩ភាគរយ និង៥១ភាគរយកាន់កាប់ដោយជនជាតិខ្មែរ ក្នុងនោះលោក រ៉េន័រ ជាប្រធានក្រុមហ៊ុន និងមានជនជាតិខ្មែរ៣នាក់ទៀតជាសមាជិកភាគហ៊ុន។
សមាជិកភាគហ៊ុនខ្មែរទាំងនេះមានតែឈ្មោះ មិនមានសាច់ប្រាក់នៅក្នុងការវិនិយោគជាក់ស្ដែងទេ។ ក្រោយមកនៅឆ្នាំ២០១៣ ស្រ្តីឈ្មោះ នួន ច័ន្ទមករា បានទទួលសិទ្ធធ្វើជាម្ចាស់ភាគហ៊ុន ដែលមានតែឈ្មោះតពីការផ្ទេរឲ្យដោយម្ចាស់ភាគហ៊ុន២នាក់ទៀត ដែលបានសម្រេចចិត្តលាលែងចេញពីការធ្វើជាម្ចាស់ភាគហ៊ុន ដោយគ្មានការទូទាត់ជាសំណង ឬដោះដូរអ្វីឡើយ។
នៅអំឡុងខែវិច្ឆិកាឆ្នាំ២០១៥ ឈ្មោះ នួន ច័ន្ធមករា បាននាំបក្ខពួករបស់ខ្លួន និងកម្មករមកសែងយកទូដែកសុវត្ថិភាពនៅក្នុងផ្ទះរបស់ លោក រ៉េន័រ ស្ថិតនៅក្នុងភូមិសាមគ្គី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ យកទៅរកជាងឆ្កិះសោលួចយកឯកាសារដើម និងត្រារបស់ក្រុមហ៊ុន រួមមាន៖ ឯកសារប្លង់ដីចំនួន១១០២ហិចតា នៅឃុំដំបូករូង និងប្លង់ដីនៅឃុំត្រែងត្រយឹង ឯកសារកិច្ចសន្យា របស់ក្រុមហ៊ុន ឯកសារកិច្ចព្រមព្រៀង និងឯកសារចុះបញ្ជីក្រុមហ៊ុនជាដើម។ ក្រៅពីនោះទៀត ក៏មានឯកសារប្លង់ដីនៅតាមបណ្ដាខេត្តមួយចំនួនទៀតផងដែរ។
ពាក់ព័ន្ធនិងបញ្ហានេះលោក រ៉េន័ត បានព្យាយាមធ្វើការសម្របសម្រួល និងចរចាដោយសុឆន្ទៈ ប៉ុន្តែភាគី នួន ច័ន្ទមករា មិនព្រមប្រគល់ឯកសារដែលលួចយកទៅនោះដាច់ខាត។
ស្រាប់តែចុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ថ្មីៗនេះ ក៏មានការលក់ដីធ្លីរបស់ក្រុមហ៊ុនយ៉ាងគគ្រឹកគគ្រេងទើប លោក រ៉េន័រ សម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅនាយកដ្ផាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនាំដល់ការចោទប្រកាន់ជាផ្លូវការ ដោយព្រះរាជអាជ្ញាអមសាលាដំបូង និងការឃុំខ្លួនជនជាប់ដោយចៅក្រមស៊ើបអង្កេតតែម្តង៕