(ភ្នំពេញ)៖ យោងតាម​របាយការណ៍​បូកសរុប​ការងារ​ឆ្នាំ២០១៦ និងទិសដៅ​អនុវត្តឆ្នាំ២០១៧ របស់ក្រសួងការពារជាតិ បានឲ្យដឹងថា ពេញមួយឆ្នាំ២០១៦នេះ ជនជាតិវៀតណាមជាង ៦០នាក់ បានបង្កជម្លោះបញ្ហាជាច្រើនជាមួយពលរដ្ឋ និងមន្រ្តីកម្ពុជា នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ដែលបណ្ដាលឲ្យ​យោធា​ផ្នែកសឹករងខ្មែរម្នាក់រងរបួស និងជនជាតិវៀតណាម ២នាក់ បានស្លាប់។

របាយការណ៍ដដែលបានឲ្យដឹងថា មានកងទ័ពវៀតណាមជាច្រើន បានចូលមកច្ការព្រៃក្នុងទឹកដីកម្ពុជា ចម្ងាយ ៤៥០មែត្រ និងបានបុកគ្រឹះ​សាងសង់ខ្លោងទ្វារ​ប៉ុស្ដិ៍​នៅច្រកអន្តរជាតិចម្ងាយ ៣០ម៉ែត្រ ពីបង្គោលព្រំដែន​លេខ៣០ និងមានជនជាតិវៀតណាម ៥នាក់ បានចូលមកកាប់ព្រៃឈើ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ករណីមួយទៀត មានទូកនេសាទវៀតណាមដល់ទៅ ១០គ្រឿង ផ្ទុកមនុស្ស ៤០នាក់ បានចូលមកនេសាទក្នុងដែនទឹកកម្ពុជា ចម្ងាយ៦គីឡូម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកបុរីជលសា និងបានប៉ះទង្គិចជាមួយកម្លាំងចម្រុះកម្ពុជា បណ្ដាលឲ្យយោធាសឹករងខ្មែរម្នាក់រងរបួស ឯខាងភាគីវៀតណាមស្លាប់ម្នាក់ និងរបួស ៣នាក់។

ក្រៅពីនេះ មានពលរដ្ឋវៀតណាម បានយកបង្គោលថ្មចំនួន ៤ដើម មកដាំចូលដីកម្ពុជាទាំងគគ្លើន ចម្ងាយ ៣ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម តែត្រូវបាន​កម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយភាគីវៀតណាម ចុះត្រួតពិនិត្យ និងដកចេញវិញ។ កម្លាំងសមត្ថកិច្ចកម្ពុជា ក៏បានសហការជាមួយកម្លាំងវៀតណាម ចុះលុបស្រះទឹក ១កន្លែង ទំហំ ២.៥ម៉ែត្រ គុណ ៤ម៉ែត្រ ជម្រៅ ៣ម៉ែត្រ នៅស្រុកអូរ យ៉ាដាវ ខេត្តរតនគិរី។

របាយការណ៍ខាងលើបានបន្តថា កម្លាំងសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនជាតិវៀតណាម ៤នាក់ទៀត ដែលរស់នៅលើទូកនេសាទ ២គ្រឿង និងបានដុតបំផ្លាញ​ឧបករណ៍​នេសាទទាំងអស់ លើទូកនោះទៀតផង។

ទន្ទឹមនឹងនេះ កម្លាំងសមត្ថកិច្ច ក៏បានចុះឃាត់ខ្លួនវៀតណាម ៥នាក់ ដែលបានលួចឆ្លងដែនជីករ៉ែមាស និងចូលអារឈើក្នុងទឹកដីកម្ពុជា និងបានដកដើមស្វាយចន្ទី ដែលពួកគេបានលួចដាំនៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ព្រមទាំងបានរកឃើញវៀតណាមមួយចំនួនទៀត លួចចូលបាញ់ថ្នាំក្នុងតំបន់ហាមឃាត់ នៅចន្លោះ​បង្គោល​ព្រំដែនលេខ២៨៥-២៨៣ ដោយបានរារាំងឲ្យបញ្ឈប់ជាបន្ទាប់៕