(ភ្នំពេញ)៖ ការប្រកួតបាល់ទះពានរង្វាន់ «ខេមបូឌាលីត» លើកទី១ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី៨ ខែមករា រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានក្រុមចំនួន៦ចូលរួមប្រកួត។

នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ ស្ដីពីការប្រកួតបាល់ទះពានរង្វាន់ «ខេមបូឌានលីត» លើកទី១ ឆ្នាំ២០១៧ ក្រោយអធិបតីភាព លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក ហៃ យូណែល អនុប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទទួលបន្ទុករៀបចំកីឡាបាល់ទះ ព្រមទាំងលោកគ្រូបង្វឹក ថ្នាក់ដឹកនាំក្រុមទាំង៦ផងដែរ។

ថ្លែងក្នុងសន្និសីទនេះលោក ហៃ យូណែល អនុប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តព្រៃវែង បានលើកឡើងថា ការប្រកួតបាល់ទះនេះ ត្រូវបានរៀបចំឡើង ដោយមានការចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត ដែលផ្ដួចផ្ដើមគំនិតបង្កើតការប្រកួតនេះឡើង។

ជាមួយគ្នានោះដែរ លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រុមដែលចូលរួមប្រកួតមានចំនួន៦ក្រុម ក្នុងនោះក្រុមវីសាខា ក្រុមសាលាខេត្តកំពង់ចាម ក្រុមកងពលធំអន្ដរាគមន៍លេខ៣ ក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រុមសាលាខេត្តព្រៃវែង ហើយក្រុមណាដែលបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានថវិកាចំនួន៥ពាន់ដុល្លារ។

បន្ថែមពីនេះ លោក ប៊ូ ជុំសេរី បានឲ្យដឹងថា ការប្រកួតនេះជាព្រឹត្តិការណ៍មួយដ៏ល្អ សម្រាប់ឲ្យកីឡាករជំនាញរបស់កម្ពុជាមានឱកាស ដើម្បីបញ្ចេញនូវសមត្ថភាពរបស់ខ្លួន។

ជាងនេះទៅទៀត លោកអនុរដ្ឋលេខាធិការ សង្ឈឹមថា ចាប់ពីថ្ងៃនេះទៅក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កីឡាបាល់ទះរបស់កម្ពុជា នឹងមានការរីកចម្រើនឡើងវិញ ដូចជាកីឡាដទៃទៀតផងដែរ ដោយកីឡាករទាំងអស់ ក៏ត្រូវបន្ដខិតខំប្រឹងប្រែងដូចថ្នាក់ដឹកនាំដែរ៕