(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ មានយានយន្តល្មើសច្បាប់ ៨៦២,៦៩១គ្រឿង ត្រូវបានផាកពិន័យ ក្នុងនោះម៉ូតូចំនួន៦៨%។ ប្រាក់ផាកពិន័យសរុបចំនួនជាង ២ម៉ឺនលានរៀល ( ២០,៤៩៦,១៩៥,០០០រៀល)។
របាយការណ៍នេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកបានបន្ថែមថា មានយានយន្តសរុបចំនួន ៥២៥,៧៦៤គ្រឿង (រថយន្ត៦០,៧៩៤គ្រឿង ម៉ូតូ៤៦៤,៩៧០គ្រឿង) បានចុះបញ្ជី និងផ្ដល់បណ្ណបើកបរសរុប ១៥១,៧៦១បណ្ណ។ ការត្រួតពិនិត្យលក្ខណៈបច្ចេសទេសយានយន្តបាន ៣៨១,៣៥៩ គ្រឿង និងផ្ដល់បណ្ណអាជីវកម្ម ៦២,៥០៤គ្រឿង។ ដោយឡែកការចុះបញ្ជីផ្ដល់ស្លាកលេខរថយន្តចង្អូតស្ដាំបានចំនួន៧,០៥៥គ្រឿង។
ក្នុងរបាយការណ៍ដដែលបានបញ្ជាក់បន្ថែមទៀតថា ការចុះត្រួតពិនិត្យយានដ្ឋានទូទាំងប្រទេសបានចំនួន ៣,២៦៦ យានដ្ឋាន រកឃើញយានដ្ឋានមានច្បាប់ចំនួន១,៤៥៥ យានដ្ឋាន និងគ្នានច្បាប់អនុញ្ញាត ១,៨៤៤យានដ្ឋាន។ យានដ្ឋានកែច្នៃ ១៧៩យានដ្ឋាន បានធ្វើកិច្ចសន្យាឲ្យសុំច្បាប់អនុញ្ញាតធ្វើអាជីវកម្មពីសមត្ថកិច្ច និង បញ្ឍប់ការកែច្នៃដំឡើងយានយន្តខុសលក្ខណៈបច្ចេសទេស៕