(ភ្នំពេញ)៖ ស្ថាបនិកសហព័ន្ធសហជីពចំនួន៥ បានរួមគ្នាបង្កើតសហភាពសហព័ន្ធសហជីពយុវជនកម្មករកម្ពុជា ដែលត្រូវបាន ទទួលស្គាល់ដោយក្រសួងការងារ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ តទៅ ក្នុងគោលបំណងផ្សាភ្ជាប់នូវសាមគ្គីភាព ឲ្យកាន់តែរឹងមាំ និងបង្កើនសមត្ថភាពការងារ ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងកិច្ចប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេស។
លោក ឈុំ វាសនា ត្រូវបានសមាជិកស្ថាបនិកចាត់តាំង ជាប្រធានសហភាពសហព័ន្ធសហជីពយុវជនកម្មករកម្ពុជា បានថ្លែងថា សហព័ន្ធដែលជាស្ថាបនិក គឺជាសហព័ន្ធដែលបានបង្កើតឡើងជាយូរឆ្នាំមកហើយ ហើយបាននិងកំពុង ធ្វើសកម្មភាពយ៉ាងមមាញឹក ក្នុងវិស័យការងាររបស់ខ្លួន ទាំងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ តាមរយៈការខិតខំជួយកៀគរនិយោជក ឲ្យមកបង្កើតការងារក្នុងប្រទេស តាមរយៈដំណើរទស្សនកិច្ចក្រៅប្រទេសជាច្រើន ដូចជាចិន និងវៀតណាមជាដើម។
លោក ឈុំ វាសនា បានឲ្យដឹងថា ទោះបីសហភាពថ្មីនេះ ទើបតែបង្កើតឡើងពិតមែន ប៉ុន្តែក្រុមស្ថាបនិកទាំងអស់មានចក្ខុវិស័យ ច្បាស់លាស់ លើការងាររបស់ខ្លួន និងបានដាក់ចេញនូវផែនការការងារ សម្រាប់គោលនយោបាយបច្ចុប្បន្ន និងអនាគត ដើម្បីប្រកួតប្រជែង ការងារដោយយុត្តិធម៌ ក្នុងការជួយការពារផលប្រយោជន៍របស់កម្មករ និងនិយោជក។
ជាមួយគ្នានេះ លោក អ៊ុ មាន រដ្ឋលេខាធិការក្រសួងការងារ និងជាតំណាងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើម ក្នុងការចងកម្លាំងជាធ្លុងមួយ ដើម្បីដើរឆ្ពោះទៅរកកិច្ចការពារជូនកម្មករ និងនិយោជក ឲ្យកាន់តែខ្លាំងក្លា និងកាន់តែមានប្រសិទ្ធភាព ការពារប្រយោជន៍រួម ក៏ដូចជាការចូលរួមទ្រទ្រង់នូវសេដ្ឋកិច្ចជាតិ ផងដែរ៕