(ភ្នំពេញ)៖ ជាមួយនឹងការអនុវត្តយុទ្ធនាការ បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស របស់រាជរដ្ឋាភិបាលនោះ សម្រាប់ខណ្ឌសែនសុខ កម្លាំងនគរបាលបានបន្តបង្កើនចុះស្រាវជ្រាវ ហើយឈានទៅដល់ការចុះចាប់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ រហូតដល់៤៩នាក់ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦នេះ។
អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលរបស់លោក បានចុះទៅបង្ក្រាប និងចាប់ខ្លួនជនសង្ស័យចំនួណ២៩នាក់ ក្នុងនោះស្រីម្នាក់ នៅប្លុកបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាប់ពាក់ព័ន្ធសកម្មភាពចែកចាយគ្រឿងញៀន និងជក់គ្រឿងញៀន។
លោកបានបន្តថា បន្ទាប់ពីបង្ក្រាបជនសង្ស័យទាំងនេះ កម្លាំងនគរបាល នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ បានបន្តចុះចាប់ជនសង្ស័យ១៣នាក់ បន្ថែមទៀតនៅប្លុកបឹងឈូកដដែល ក្នុងនោះស្រីម្នាក់។ លុះដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលបានចុះទៅបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ១០នាក់ ទៀតនៅសង្កាត់ឃ្មួញក្នុងនោះស្រី២នាក់។
បើតាមលោកអធិការ បន្ទាប់ពីចាប់ជនសង្ស័យទាំងនេះកម្លាំងនគរបាលបានដកហូតថ្នាំញៀន និងសម្ភារមួយចំនួនទៀត ហើយសម្រាប់ជនសង្ស័យទាំងនេះ នឹងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តទៀត។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត៕