(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តឆ្នាំ២០១៧ នាទីស្ដីការក្រសួងការារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម សរុបចំនួន ៧២០ធាតុ ត្រូវបានកង យោធពលខេមរភូមិន្ទរកឃើញ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៦។
នាយឧត្តមសេនីយ៍ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនៃក្រសួងការពារជាតិកម្ពុជា សហការជាមួយក្រុមរុករកអដ្ឋិធាតុវៀតណាម រុករកឃើញអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម សរុបចំនួន ៧២០ធាតុ ក្នុងនោះយោធភូមិភាគពិសេសបានរកឃើញ ៤៦ធាតុ, យោធភូមិភាគទី១បានរកឃើញ ៤៧ធាតុ, យោធភូមិភាគទី២បានរកឃើញ ២០៩ធាតុ, យោធភូមិភាគទី៣បានរកឃើញ ១១៨ធាតុ, យោធភូមិភាគទី៤បានរកឃើញ ១៥៤ធាតុ និងយោធភូមិភាគទី៥បានរកឃើញ ១៤៦ធាតុ។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពនៅសល់តែគ្រោងឆ្អឹង ក្នុងរណ្តៅចំនួន ៣នាក់ ក្នុងចម្ការម្រេចមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
លោកឧត្តមសេនីយ៍ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានបញ្ជាក់ថា សាកសពទាំងនេះ គឺជាកងទ័ពវៀតណាម ដែលបានស្លាប់ នាសម័យសង្គ្រាម ហើយកម្លាំងអង្គភាព K92 របស់វៀតណាម បានមកយកសាកសពចំនួន៣នាក់ ទៅទឹកដីរបស់ពួកគេរួចហើយ៕