(ឧត្តរមានជ័យ)៖ គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានជ្រើសយកការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពសលរដ្ឋ និងការ កែលំអរការបម្រើសេវាជូនប្រជាពលរដ្ឋជាកត្តាសំខាន់ និងអាទិភាពសម្រាប់ផែនការការងាររយៈពេល ៥ឆ្នាំរបស់ខ្លួន។
ការដាក់ចេញផែនការថ្មីនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុប របាយការណ៍លទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងទៅ និងលើទិសដៅការងារសម្រាប់ ៥ឆ្នាំខាងមុខ។ កិច្ចប្រជុំត្រូវបានធ្វើនៅសប្តាហ៍កន្លងទៅនេះ ក្រោមអធិបតីភាព លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
លោក គន់ គីម បានគូសបញ្ជាក់ប្រាប់ Fresh News ថា «អង្គសន្និបាតបានធ្វើការបូកសរុបរបាយការណ៍លទ្ធផលក្នុងរយៈប្រាំឆ្នាំកន្លងមក និងបានដាក់ចេញទិសដៅអភិវឌ្ឍប្រាំឆ្នាំបន្ត ដោយផ្តោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ បន្តកែលម្អរការបម្រើសេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បន្តកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំ និង អភិវឌ្ឍលើវិស័យផ្សេងជាច្រើនទៀត»។
នៅក្នុងឱកាសនោះ លោក គន់ គីម ក៏បានឧបត្ថម្ភថវិកាជូនគណបក្សឃុំទាំង ២៤ឃុំ ក្នុងស្រុកអន្លង់វែងសម្រាប់ដំណើរការសន្និបាតបក្សក្នុងមួយឃុំ ៣លានរៀល សរុប ៧២លានរៀល៕