(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចផ្តល់លិខិតព្រមានទៅក្រុមហ៊ុនដឹកអ្នកដំណើរចំនួន៣រួមមាន៖ ក្រុមហ៊ុន វីរៈប៊ុនថាំ ក្រុមហ៊ុន រិទ្ធមុនី និងក្រុមហ៊ុន 15 SH បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនដឹកអ្នកដំណើរទាំង៣នេះ កើតមានគ្រោះថ្នាក់ចរាចរច្រើនជាងគេនៅក្នុងឆ្នាំ២០១៦។
របាយការណ៍នេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានបញ្ជាក់ដែរថា ដើម្បីការងារប្រឡងប្រណាំងឲ្យផុលផុស សំដៅលើកទឹកចិត្តឲ្យមានការចូលរួមរក្សាសុវត្ថិភាពចរាចរណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានផ្ដល់បណ្ណសរសើរ ដល់ឃុំ-សង្កាត់គំរូ ចំនួន៣ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ហើយក៏បានជំរុញឲ្យមានការពាក់មួកសុវត្ថិភាព។
ទន្ទឹមនិងការចេញលិខិតព្រមានក្រុមហ៊ុនបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងហើយនោះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានផ្ដល់បណ្ណសរសើរចំនួន៦៧បណ្ណ ផ្ដល់ជូនក្រសួង ស្ថាប័ន អង្គភាព អង្គការ ក្រុមហ៊ុនរថយន្ដដឹកជញ្ជូន សរុប៣៥ និងបុគ្គល៣២រូប ដែលមានស្នាដៃក្នុងការផ្សព្វផ្សាយអប់រំច្បាប់ ការរឹតបន្ដឹងអនុវត្តច្បាប់ និងការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍៕