(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ ខ្លួនបានរកឃើញអ្នកបើកបរ រថយន្តដឹកអ្នកដំណើរ និងទំនិញ ១២៩នាក់ មានផ្ទុកសារធាតុញៀន។ ចំនួននេះស្មើនិង ២០ភាគរយ នៃចំនួនអ្នកបើកបរ ៦៦៥នាក់ ដែលបានត្រួតពិនិត្យ។
របាយការណ៍នេះត្រូវបានផ្សព្វផ្សាយ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ នៅព្រឹកថ្ងៃ០២ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
បើទោះបីជាយ៉ាងណាក្នុងរបាយការណ៍មិនបានបង្ហាញថា អ្នកបើកបររថយន្តដឹកអ្នកដំណើរ ក៏ដូចជាដឹកទំនិញនោះ ជារបស់ក្រុមហ៊ុនណាមួយនោះឡើយ។
របាយការណ៍ក៏បានឲ្យដឹងដែរថា ឆ្នាំ២០១៦ រកឃើញយានយន្តល្មើសល្បឿនចំនួន ៣៥៩,៨៨១ គ្រឿង និងល្មើសជាតិស្រវឹង ២៧៨,២១៨នាក់។ អ្នកបើកបរល្មើសទាំងនេះត្រូវបានអប់រំ និងពិន័យតាមច្បាប់ ក្នុងនោះឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការ ៦០៥ នាក់ (អ្នកបើកបររថយន្ត ១៣៤នាក់ ស្រី៤នាក់ និងអ្នកបើកបរម៉ូតូ ៤៧១នាក់)៕