(ភ្នំពេញ)៖ បន្ទាប់ពីមានការស្នើសុំ ពីប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលរស់នៅសហគមន៍ទំនប់ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ អស់រយៈពេលជាច្រើនឆ្នាំ ដែលមានការសង់របងថ្ម រំលោភលើផ្លូវមិនអាចធ្វើដំណើរបាន (បានតែម៉ូតូ) នៅទីបំផុត នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៦នេះ អភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល ប្រធាបមន្ទីរសាធារណការលោក សាំ ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី លោក សារិន វណ្ណា រួមជាមួយមន្រ្តីពាក់ព័ន្ធ បានចុះទៅវាយរបងថ្ម ទាំងនេះចោល ដើម្បីបើកផ្លូវជូនប្រជាពលរដ្ឋ អាចធ្វើដំណើរបានឡើងវិញ។
អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា នេះជាកាដូឆ្នាំថ្មី ជូនប្រជាពលរដ្ឋនៅសហគមន៍ទំនប់ ជាង១០០គ្រួសារ ដែលអាជ្ញាធររបស់យើង ជាមួយមន្ទីរសាធារណការ និងមន្រ្តីពាក់ព័ន្ធ ក្រោមការណែនាំពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានរកដំណោះស្រាយជូន ប្រជាពលរដ្ឋ រហូតបើកផ្លូវលេខ១៩៧៤ ជូនពួកគាត់ ដែលមានទទឹង១០ម៉ែត្រ។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានអ្នកមានមួយចំនួនសាងសង់បិតផ្លូវ ដែលមានពីយូរណាស់មកហើយ ពោលប្រជាពលរដ្ឋអាចតែធ្វើ ដំណើរតាមម៉ូតូ និងថ្មើជើងប៉ុណ្ណោះ ខណៈរថយន្តមិនអាចបើកបានឡើយ។
ប្រជាពលរដ្ឋទាំងជាង១០០គ្រួសារ បានដាក់ពាក្យបណ្តឹងទៅកាន់ អាជ្ញាធរពាក់ព័ន្ធ តែមិនមានដំណោះស្រាយនោះឡើយ ទើបតែនៅ ពេលនេះអភិបាលខណ្ឌ បានរកដំណោះស្រាយចុងក្រោយ ដោយជោគជ័យជូនពួកគាត់។
ជាចុងក្រោយ លោក មាស ពេជ្រ ដែលជាតំណាងប្រជាពលរដ្ឋរស់ក្នុងភូមិទំនប់ទាំង ១០០គ្រួសារខាងលើនេះសូមថ្លៃង អំណរអរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកជាពិសេស សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តែងតែយកចិត្តទុកដាក់ពីការលំបាក របស់ប្រជាពលរដ្ឋនិងបានពន្លឿន ក្នុងការដោះស្រាយការស្នើរសុំរបស់ ប្រជាពលរដ្ឋក្នុងការបើកផ្លូវខាងលើមួយនេះ។
ទន្ទឹមនោះផងដែរ លោកមាសពេជ្រក៏បានថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្នាក់ដឹកនាំ សាលារាជធានីភ្នំពេញរួមជាមួយ និងមន្ទីរសារធារណការក្រុង និងសាលាខណ្ឌសសែនសុខ ដែលបានចុះមកមើលពីស្ថានភាពជាក់ស្តែង ហើយជួយជម្រុញឲ្យការបើកផ្លូវខាងលើនេះ បានលឿនផងដែរ៕