(ភ្នំពេញ)៖ រយៈពេលពេញ១ឆ្នាំ២០១៦នេះ កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើសនានាបាន រហូតដល់ទៅ ជាង២ពាន់លើក ក្នុងនោះក៏មានការឃាត់ខ្លួនជនពាក់ព័ន្ធ ជាង៤ពាន់នាក់ផងដែរ នេះបើតាមបាយការណ៍បូកសរុបការងារ ឆ្នាំ២០១៦ និងទិសដៅអនុវត្តឆ្នាំ២០១៧ របស់ក្រសួងការពារជាតិ។
របាយការណ៍នេះបានបញ្ជាក់ថា «កងយោធពលខេមរភូមិន្ទ បានបើកការបង្ក្រាបបទល្មើស នៅទូទាំងប្រទេសមានចំនួន ២,២១៥លើក ដែលក្នុងនោះបទល្មើសឧក្រិដ្ឋមានចំនួន ១,០២១លើក បទល្មើសមជ្ឈឹមមានចំនួន ១,១៩៤លើក បានឃាត់ជនសង្ស័យ និងជនពាក់ព័ន្ធ ៤,៤៥១នាក់ ហើយបានរកឃើញជនពាក់ព័ន្ធចំនួន ៣,៩១៦នាក់»។
របាយការណ៍ដដែលបានបន្តថា កងយោធពលខេរមភូមិន្ទ បានទទួលបណ្ដឹង និងដោះស្រាយបណ្ដឹងផ្សេងៗ មានចំនួន ៤៧៩បណ្ដឹង និងអនុវត្តតាមដីការបស់តុលាការបានចំនួន ៣,៩៥២ដីកា។ ក្រៅពីនេះ កងយោធពលខេមរភូមិន្ទ ក៏បានសហការបង្រ្កាបបទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិម មានចំនួន ៤,៤២២លើក ឃាត់ខ្លួនជនសង្ស័យ និងជនពាក់ព័ន្ធចំនួន ១,៧៦០នាក់។
សូមជម្រាបថា កាលពីឆ្នាំ២០១៥ កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ក៏បានចុះបង្ក្រាបបទល្មើសឧក្រិដ្ឋមានចំនួន ៨២២លើក និងបទមជ្ឈិមមានចំនួន ៦៦៧លើកផងដែរ៕