(ភ្នំពេញ)៖ នៅឆ្នាំ២០១៦នេះ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ៣៥ នៅលើពិភពលោក ចំពោះការបញ្ជូនកងកម្លាំងរបស់ខ្លួន ដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ។ នេះបើតាមការឱ្យដឹងពី នាយឩត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានប្រាប់ Fresh News នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ។
លោក ឈុំ សុជាតិ បានថ្លែងបែបនេះ នាគ្រាដែលក្រសួងការពារជាតិ បើកសន្និបាតប្រចាំឆ្នាំ ដើម្បីលើកបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅបន្តឆ្នាំ២០១៧ របស់ក្រសួងការពារជាតិ។ សន្និបាតព្រឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឩបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។
លោកបានឱ្យដឹងថា ចំណាត់ថ្នាក់នេះ ត្រូវបានប្រកាសដោយអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០១៦។
លោក ឈុំ សុជាតិ បានថ្លែងថា «ឆ្នាំ២០១៦ កងយោធពលខេមរភូមិន្ទ មានមោទនភាពខ្ពស់ ក្ងុងវិសយ័បញ្ច្ញូនកងកំលាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ ស ប ដោយ បាន អ ស ប វាយតំលៃ ជាប់លំដាប់លេខ ៣៥ លើ១២១ប្រទេស ដែលបានបរិច្ចាកកងកំលាំងចូលរួម បេសកកម្ម រក្សាសន្តិភាពរបស់ អ ស ប និង លេខ៣ក្នុងចំណោមប្រទេស អាសាន៨»។
គិតរហូតដល់ពេលនេះ មានរយៈពេល១០ឆ្នាំហើយ ដែលកម្ពុជាបានចុះអនុស្សារណយោគយល់គ្នាជាមួយអង្គការសហប្រជាជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិសុខតាមរយៈអង្គការនេះ ទៅជួយដល់ប្រទេសមួយចំនួនលើសកលលោក។ តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៦ ការបញ្ជូនកម្លាំងចំនួន ៣,៥៥៧នាក់ តាមរយៈអង្គការសហប្រជាជាតិនេះ ដើម្បីបំពេញការងារនៅលើសកលលោក ហើយខណៈពេលនេះ កងកម្លាំងរបស់កម្ពុជា ៧១៧នាក់ (ស្រី៥៧នាក់) ដែលក្នុងនោះមាន កម្លាំងវិស្វកម្ម (ដោះមីន) ពេទ្យ និងអាវុធហត្ថ កំពុងបំពេញបេសកកម្មសង្រ្គោះនៅប្រទេស៤ រួមមាននៅប្រទេសម៉ាលី លីបង់ អាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង ជាដើម៕