(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងស្តីបន្ទោសធ្ងន់ៗលើអភិបាលខេត្តរតនគិរី លោក ថង សាវុន ទាំងព្រឹកព្រលឹម ដោយសារតែអភិបាលខេត្តរូបនេះ បានយកឈ្មោះសម្តេចទៅបោករដ្ឋមន្រ្តី៣រូប ដើម្បីគេចវេសពីការ ងារ។
ការស្ទីបន្ទោសនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧។ សម្តេចក្រឡាហោម ស ខេង បានរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ មានរដ្ឋមន្រ្តី ៣រូប រួមមានលោក ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែន នគរូបនីយកម្ម និងសំណង់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះទៅដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី។
ក្នុងដំណើរចុះទៅដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋពីសំណាក់រដ្ឋមន្រ្តីទាំង ៣រូបនេះ មិនមានការចូលរួមពីលោកអភិបាលខេត្តរតនគិរី ថង សាវុន នោះឡើយ។
បើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ការមិនចូលរួមរបស់អភិបាលខេត្ត ថង សាវុន ត្រូវបានយកលេសថា ជាប់ប្រជុំជា មួយសម្តេចក្រឡាហោម ស ខេង។
សម្តេចក្រឡាហោម ស ខេង បានថ្លែងហែកកេរ្តិ៍លោក ថង សាវុន ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺសម្តេចគ្មានកិច្ចប្រជុំណាមួយជាមួយលោកអភិបាលខេត្តរតនគិរីនោះឡើយ។
ជាមួយការស្តីបន្ទោស សម្តេចក្រឡាហោម ស ខេង ក៏បានព្រមានធ្ងន់ៗលើលោក ថង សាវុន ផងដែរថា ក្នុងនាមជាអាជ្ញាធរដែនដីមិន គួរណាគេចវេសពីការងារ និងគ្មានការទទួលខុសត្រូវចំពោះដំណើររបស់រដ្ឋមន្រ្តីនោះឡើយ៕