(សៀមរាប)៖ គ្រឹះស្ថានអង្គរបានបញ្ជាក់នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ រយៈពេលពេញ១ឆ្នាំ២០១៦ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ទៅឲ្យភ្ញៀវបរទេសជាង២លាននាក់ ដែលប្រមូលចំណូល បានជាង៦២លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២ ខែមករានេះ បានបញ្ជាក់ថា រយៈពេល១២ខែ ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០១៦ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរ ទៅឲ្យភ្ញៀវទេសចរបរទេស ចំនួន ២,១៩៧,២៥៤ នាក់ កើនឡើង៤.៦៣ភាគរយ ប្រមូលចំណូលបាន ៦២,៥៨២,២០០ដុល្លារអាមេរិក កើនឡើង៤.២១ភាគរយ បើធៀបនឹងឆ្នាំ២០១៥។
ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ២០១៦ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណចូលទស្សនាតំបន់អង្គរជូនភ្ញៀវបរទេសបានចំនួន ២៤៩,៤៨២នាក់ ប្រមូលចំណូលបាន ៧,១៦១,៣០០ដុល្លារ។
សូមជម្រាបថា បណ្ណ័ចូលទស្សនារមណីយដ្ឋានអង្គរ នាបច្ចុប្បន្នត្រូវបានកំណត់ជា៣ប្រភេទ រួមមានតម្លៃ២០ដុល្លារ ចូលទស្សនាបាន១ថ្ងៃ, ប័ណ្ណតម្លៃ៤០ដុល្លារ មានរយៈពេល១សប្តាហ៍ ចូលទស្សនាបាន៣ដង, និងប័ណ្ណតម្លៃ៦០ដុល្លារ មានរយៈពេល១ខែចូលទស្សនា បាន៧ដង។
ដោយឡែក ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ទៅ គ្រឹះស្ថានអង្គរនឹងដំឡើងថ្លៃលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងនោះប័ណ្ណ ដែលចូលទស្សនាមាន ៣ប្រភេទ រួមមាន៖ ទី១.ចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ, ទី២.ចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ ដែលមានសុពលភាពរយៈពេល១០ថ្ងៃ និងទី៣.តម្លៃ ៧២ដុល្លារ ចូលទស្សនាបាន៧ថ្ងៃ មានសុពលភាពរយៈពេល ៣០ថ្ងៃ៕