(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានថ្លែងថា ការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នកំពុងតែមានការមមាញឹកខ្លាំង ហើយបើគ្មានការអន្តរាគមន៍ពីកម្លាំងនគរបាលចរាចរណ៍ត្រឹមតែ ៣០នាទី ការកកស្ទះចរាចរណ៍នៅ ១៨២គោលដៅនឹងកើតឡើងភ្លាម។
ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស បានឲ្យដឹងដែរថា ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នបណ្តាលមកពីកត្តា ៣យ៉ាងរួមមាន៖ កត្តាយានយន្ត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងកត្តាអ្នកបើកបរ។
បើតាមលោក ប៉ា សុជាតិវង្ស កន្លែងដែលកកស្ទះក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមានចំនួន១៨២គោលដៅ(ស្ទះជាប្រចាំ) ហើយបើគ្មានកងកម្លាំងនគរបាលចរាចរណ៍ ក៏ដូចជាកងរាជអាវុធហត្ថទៅអន្តរាគមន៍ក្នុងរយៈពេលត្រឹម៣០នាទីទេ ការកកស្ទះនឹងកើតឡើងភ្លាម។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានឲ្យដឹងផងដែរថា ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍នេះ សាលារាជធានីភ្នំពេញ ក៏បានប្រឹងប្រែងពង្រីក និងសាងសង់ផ្លូវបន្ថែម ហើយក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះសាលារាជធានីភ្នំពេញ បានសាងសង់ផ្លូវប្រវែងសរុបជាង៤០០គីឡូម៉ែត្រ។
បើតាមលោកអភិបាលរាជធានីភ្នំពេញ កត្តាផ្លូវនេះមិនទាន់បានឆ្លើយតបទៅនឹងកំណើនមនុស្ស និងយានយន្តនៅឡើយនោះទេ។ លោកអភិបាលបានឲ្យដឹងទៀតដែរថា នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានយានយន្តចំនួន ៤០ម៉ឺនរថយន្ត និងម៉ូតូ ១លាន ៤សែនគ្រឿង និងមានប្រជាពលរដ្ឋជិត ៣លាននាក់។
លោក ប៉ា សុជាតិវង្ស បានឲ្យដឹងដែរថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្តុបជាង ២០០កន្លែង និងបំពាក់កាមេរ៉ាត្រួតពិនិត្យការធ្វើ ចរាចរណ៍របស់ប្រជាពលរដ្ឋជាង ៦០០គ្រឿង។
នៅក្នុងប្រជុំនាព្រឹកមិញនេះ សម្តេចក្រឡាហោម ស ខេង ក៏បានលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នាំឲ្យអត្រាអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរនៅឆ្នាំ២០១៦ បានថយចុះច្រើន បើធៀបនិងឆ្នាំ២០១៥។ បើតាមសម្តេចក្រឡាហោម ស ខេង អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរថយចុះ ៣០០នាក់ និងអ្នករបួសថយចុះជិត ១ពាន់នាក់៕