(ភ្នំពេញ)៖ នៅលើកគេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» លើកទី១០ ចាប់ផ្តើមដាក់ឲ្យបោះឆ្នោតជ្រើសរើស ជ័យលាភីទាំង១០នាក់ (Top-10) ហើយ។
Facebook សម្តេចតេជោ បានបញ្ជាក់ទៀតថា នៅពេលនេះ សាធារណៈជនអាចចូលរួមបោះឆ្នោតគាំទ្រ (Vote) បេក្ខជន បេក្ខនារី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ១០ នៅគេហទំព័រសម្តេចតេជោនាយករដ្ឋមន្ត្រី នៅ Link នេះ http://spm.samdechhunsen.gov.kh/ គឺចាប់ពីថ្ងៃទី ០២-០៤ ខែមករា ឆ្នាំ២០១៧ ចប់ការបោះឆ្នោតនៅ ម៉ោង៦៖០០ល្ងាច។
ជាមួយគ្នានេះ បេក្ខជន និងបេក្ខនារី ជយលាភីទាំង១០នាក់ (Top-10) ដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេនៅលើ Web Site សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងយកទៅបោះឆ្នោតយកលេខ១ (Top 1) នៅក្នុង Facebook សម្តេចតេជោ ហ៊ុន សែន នៅថ្ងទី០៥-០៧ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ។
សូមចូលរួមបោះឆ្នោត (Vote) គាំទ្រយុវជនដែលបានកសាងស្នាដៃគំរូល្អសម្រាប់សង្គមជាតិទាំងអស់គ្នា!
សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» រៀបចំប្រកួតប្រជែងចំនួន៩វគ្គរួចមកហើយ ក្រោមការផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យយុវជនចូលរួមក្នុង កិច្ចការងារសង្គម ជៀសឆ្ងាយអំពើអបាយមុខ និងគ្រឿងញៀនជាដើម។ ម្ចាស់ជយលាភីទាំងអស់ សុទ្ធតែទទួលបានលិខិត សរសើរពីសម្តេចតេជោ រួមទាំងរង្វាន់ផងដែរ៕