(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងឲ្យដឹងថា ការតែងតាំង លោក តុល ផាន់មឿង ជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ហៅកាត់ថា CCNU នាពេលនេះ កាន់តែឆ្លុះបញ្ចាំងឲ្យឃើញថា ការតែងតាំងប្រធានប្រឹក្សាសហជីពជាតិកម្ពុជាថ្មី នឹងកាន់តែធ្វើឲ្យស្ថាប័ននេះ ជួយកម្មករ និយោជិក ឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោក អ៊ិត សំហេង បានបន្ថែមថា ការតែងតាំងថ្មីនេះ កើតចេញពីការជ្រើសរើស និងបោះឆ្នោត ហើយក៏ធ្វើឡើងដោយត្រឹមត្រូវបំផុត ដោយគ្មានការលំអៀង ដូកការលើកឡើងពីសំណាក់ជនមួយចំនួនឡើយ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឲ្យដឹងខណៈលោក និងក្រុមការងារ បានចូលរួំនៅក្នុងពិធីប្តូរវេន ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ហៅកាត់ថា CCNU ពីអាណត្តិទី២ រៀបចំធ្វើ ភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ០១៧នេះ។
នៅថ្ងៃដដែលនោះ លោក អ៊ិត សំហេង ក៏បានចូលរួមប្រគល់ត្រារបស់ CCNUជូនដល់លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាថ្មី ជំនួស លោកស្រី ទេព គឹម វណ្ណារីផងដែរ។
ជាមួយគ្នានោះដែរ លោក តុល ផាន់មឿងទើបទទួលបានដំណែង ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានប្តេជ្ញាចិត្តឲ្យដឹងថា លោកនឹងខិតខំប្រឹងប្រែងបំពេញ ការងារនេះឲ្យបានល្អបំផុត ដើម្បីធ្វើឲ្យកម្មករ និយោជិក កាន់តែមានជីវភាពល្អប្រសើរជាងមុន និងធ្វើឲ្យវិស័យរោងចក្រកម្មដេរ និងស្បែកជើងនៅកម្ពុជា កាន់តែការ រីកចំរើនបន្ថែមទៀត។ កម្មវិធីប្តូរវេនខាងលើនេះ រៀបចំដោយ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដោយមានការចូលរួមពីលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រុមសមាជិក ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ជាង១០០នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានរៀបចំផ្ទេរតំណែង និងប្តូរវេន អាណត្តិទី១ ពីលោក សោម អូន មកលោកស្រី ទេព គឹមវណ្ណារី ការប្តូរវេននេះ មានរយៈពេល១ឆ្នាំម្តង។
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជាពីមុនដឹកនាំដោយ លោក សោម អូន មានសហភាពចំនួន០៥ គណៈអចិន្រ្តៃយ៍ចំនួន១៧រូប។ប៉ុន្តែអាណត្តិនេះ មានសហភាពចំនួន០៧ គណៈអចិន្រ្តៃយ៍ចំនួន២១រូប សហព័ន្ធសហជីពអង្គការសហជីព និងកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ជាច្រើនទៀត៕