(ភ្នំពេញ)៖ គ្រួសារមួយដែលធ្លាប់មានសុភមង្គលសើចក្អាកក្អាយដាក់គ្នាជារៀងរាល់ថ្ងៃ បានប្រែក្លាយជាក្រៀមស្រពោន កូនៗត្រូវបង្ខំចិត្ត បោះបង់ការសិក្សាទាំងក្មេងខ្ចី ដើម្បីស្វែងរកប្រាក់ផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីលោកឪពុកជាបង្អែកជីវិតដ៏ធំរបស់ពួកគេស្លាប់បាត់បង់ជីវិត ព្រោះតែគ្រោះថ្នាក់ចរាចរ ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលសុរា។ នេះជាខ្លឹមសារនៅក្នុងវីដេអូអប់រំថ្មីមួយទៀត ដែលចេញ ផ្សាយដោយក្រសួងសាធារណការ និង ដឹកជញ្ជូន។
វីដេអូអប់រំថ្មី ដែលចេញផ្សាយនៅរាត្រីឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០១៧ បានបង្ហាញថា គ្រួសារមួយពោរពេញដោយសុភមង្គល និង ភាពរីករាយ បើទោះបីជាពួកគេមានជីវភាពត្រឹមជាអ្នករត់ម៉ូតូឌុបក៏ដោយនោះ។ បុរសជាប្តី និងជាឪពុក បើទោះបីជារូបគាត់ជាអ្នករត់ម៉ូតូឌុប តែគាត់ នៅតែមានលទ្ធភាពផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារ និងឲ្យកូនៗបានរៀនសូត្រដូចពលរដ្ឋដទៃ។
រាល់ពេលព្រឹកមុនពេលចេញទៅរត់ម៉ូតូឌុប គ្រួសារនេះតែងតែសើចក្អាកក្អាយជាមួយគ្នា។ តែជាអកុសលនៅថ្ងៃមួយ ពេលត្រឡប់មកពីរត់ម៉ូតូឌុប បុរសជាបង្អែកដ៏សំខាន់ក្នុងគ្រួសារនេះ ត្រូវបានមិត្តភក្តិហៅផឹកស្រា ក្រោយពីផឹកស្រាស្រវឹង ក៏បានបើកម៉ូតូបុកដើមឈើស្លាប់ភ្លាមៗមួយរំពិច។
ក្រោយពេលបុរសជាស្វាមី ជាឪពុកនេះស្លាប់ទៅ គ្រួសារ ដែលធ្លាប់តែរីករាយ ក៏បានប្រែក្លាយជាក្រៀមក្រំសោះកក្រក់ គ្រួសារទាំងមូលត្រូវជួបវិបត្តិ។ ទីបំផុតកូនស្រីពីររូប ដែលនៅវ័យក្មេងខ្ចីនៅឡើយ ត្រូវបង្ខំចិត្តបោះបង់ការសិក្សាទៅស្វែងរកប្រាក់ ដើម្បីផ្គត់ផ្គង់គ្រួសារ បើទោះបីពួកគេកំពុងស្រឡាញ់ការសិក្សា ក៏ដោយនោះ។
សូមបញ្ជាក់ថា នេះគឺជាវីដេអូអប់រំទី២ហើយ ដែលក្រសួងសាធារណការបានដាក់ផ្សព្វផ្សាយ។ វីដេអូទី១ ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ អប់រំពីគ្រោះថ្នាក់ នៃការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអង្គការ Asia Pacific International Wine and Spirits Alliance (APIWSA) បានផលិតខ្សែវីដេអូអប់រំចំនួន១០។ វីដេអូទាំង១០នេះ មានវីដេអូ៣ បង្ហាញពីគ្រោះថ្នាក់ និងផលប៉ះពាល់កើតចេញពីការ បើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង ហើយវីដេអូ៧ផ្សេងទៀត អប់រំពីច្បាប់ចរាចរណ៍។
តាមរយៈវីដេអូអប់រំទាំង ១០នេះ គេរំពឹងថា នឹងចូលរួមចំណែកអប់រំប្រជាពលរដ្ឋឲ្យយល់បានកាន់តែច្រើនពីច្បាប់ចរាចរណ៍ ហើយក៏ចូល រួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងមរណភាព បណ្តាលមកពីការបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹងផងដែរ៕
សូមទស្សនាវីដេអូអប់រំទី២ ដែលបង្ហាញពីផលប៉ះពាល់ក្នុងគ្រួសារ បន្ទាប់ពីមរណភាពមេគ្រួសារ បណ្តាលមកពីគ្រោះថ្នាក់ចរាចរក្រោមឥទ្ធិពលជាតិស្រវឹង៖