(សៀមរាប)៖ មនុស្ស៣នាក់ ត្រូវបានឃាតកចិត្តឆៅចូលអារ-ក ប្លន់សម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍ឃាតកម្មដល់សាហាវនេះ ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្នុងហេតុការណ៍ឃាតកម្មនេះបណ្ដាលឲ្យជនរងគ្រោះ២នាក់ដេកស្លាប់ក្នុងថ្លុងឈាម ដែលទី១៖ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត, ទី២៖ ឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទី៣៖ ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា។
បើតាមនគរបាលបានឲ្យដឹងបន្ថែមថា ស្ដ្រីដែលរងរបួសធ្ងន់ដែលត្រូវឃាតកអារ-ក កាត់ដៃម្ខាងចោល នៅមានដង្ហើមក៏បានខលទៅបងប្អូនមកជួយហើយពេលនេះ កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ មិនទាន់ដឹងវាសនានាងទៅជាយ៉ាងណានោះទេ។
ស្នងការនគរបាលរង នគរបាលខេត្តសៀមរាប លោក ភឹង ចិន្តារ៉េត បានបញ្ជាក់នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧នេះថា កម្លាំងនគរបាលរបស់លោកបានកំណត់អត្តសញ្ញាណជនសង្ស័យបានហើយ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ បើតាមលោកស្នងការរងដដែលរូបនោះបានឲ្យដឹងថា ជនសង្ស័យដែលលោកមិនទាន់ហ៊ានប្រាប់ថា មានគ្នាប៉ុន្មាននាក់នោះ បានចូលទៅប្លន់ទ្រព្យសម្បត្តិ៕