(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ អនុវត្តតាមផែនការឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ របស់គណៈ អចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ក្រោមវត្តមានរបស់លោក នរ រតនៈវឌ្ឍនោ ប្រធានក្រុមការងារបក្ស ប្រជាជនចុះជួយឃុំវល្ល័ស ស្រុកសំរោងទង ក្រុមអ្នកសង្កេតការ សមាជិកសមាជីការបក្ស មកពីបណ្តាភូមិទាំងអស់ របស់ឃុំវល្លសប្រមាណជាង៤០០នាក់។
គណៈកម្មាធិការគណបក្សឃុំ ក៏បានដំណើរការសន្និបាត ដើម្បីត្រួតពិនិត្យ វាយតម្លៃលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍឃុំរយៈពេល៥ ឆ្នាំកន្លងមក និងលើកទិសដៅភារកិច្ច ដាក់ចេញនូវកម្មវិធីនយោបាយរបស់គណៈកម្មាធិការគណបក្សឃុំ សម្រាប់អភិវឌ្ឍពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខផងនោះដែរ។
លោក នរ រតនៈវឌ្ឍនោ ប្រធានក្រុមការងារបក្សប្រជាជនចុះជួយឃុំវល្ល័ស បានលើកឡើងថា ដើម្បីធានាបាននូវសុវត្ថិភាព និងរបៀបរៀបរយនៃដំណើរការ សន្និបាតគណៈកម្មាធិការ គណបក្សឃុំ សូមឲ្យសមាជិក សមាជិកាទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវតាមកម្មវិធី និងសេចក្តីប្រកាសផ្សេងៗរបស់សន្និបាត ហើយតាមដានស្តាប់របាយការណ៍ និងមុនពេលអនុម័តបញ្ហាផ្សេងៗ សូមយកចិត្តទុកដាក់អនុវត្ត ឲ្យបានត្រឹមត្រូវជៀសវាងការអនុម័តប្រព្រឹត្តទៅប្រកបដោយប្រសិទិ្ធភាព និងគុណភាព៕