(បាត់ដំបង)៖ មូលនិធិសម្ដេចក្រឡាហោម ស ខេង ត្រូវបានលោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី នាំយកទៅចែកជូនស្រី្ដសម្រាលកូន គ្រួសារអ្នកមរណភាព៨១នាក់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ក្នុងស្រុកថ្មគោលអស់ថវិកាចំនួន ១៦,២០០,០០០រៀល។
ក្នុងឱកាសនោះដែរ លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបងថា គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។
បន្ថែមពីនេះលោក សួស អង្គារ៍ បានលើកឡើងថា «ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់ បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ចែករំលែកដ៏ល្អ មួយរបស់គណបក្សប្រជាជនកម្ពុជាយើង»។ លោកប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើ ដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការ រស់នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំង ការពារឲ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។
អំណោយដែលចែកជូនពេលនោះគឺ ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាពក្នុងម្នាក់ៗ ទទួលបានថវិកា២០ម៉ឺនរៀល។ ដោយឡែក សម្រាប់ស្ត្រីសម្រាលកូនឃុំទាំងពីរ ៦៥នាក់ ម្នាក់ៗទទួលបាន ឃីតមួយកញ្ចប់បន្ថែម ដែលមាន៦មុខ សម្រាប់ទារកប្រើប្រាស់ផងដែរ។
ស្ត្រីសម្រាលកូន និងក្រុមគ្រួសារ ជនមរណភាពទាំងពីរឃុំ ដែលទទួលបានថវិកាពីមូលនិធិសម្តេចក្រឡាហោម ស ខេង តាមរយៈលោកប្រធាន បានគោរពថ្លែងអំណរគុណ ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលាដ៏មានតម្លៃ ព្រមទាំងចំណាយថវិកា និងសម្ភារៈចែកជូនពួកគាត់ដោយ មិនប្រកាន់និន្នាការបក្សនយោបាយណាឡើយ។
ជាមួយគ្នានោះដែរ លោកប្រធាន ក៏បានជម្រាបប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំទាំង២ ដើម្បីចូលរួមរួមរក្សាគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាពក្នុងមូលដ្ឋាន ឲ្យបានល្អ និងនាំគ្នាទៅពិនិត្យការបិទផ្សាយ នៃបញ្ជីឈ្មោះបោះឆ្នោតលើកដំបូងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ បើមានខុសអាចសុំកែតម្រូវបាន ដើម្បីសម្រាប់ទៅបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខ ដើម្បីទាញយកសម្លេងឆ្នោតទទួលបានជ័យជំនះ និងបន្តការដឹកនាំប្រទេសដើម្បីកសាង និងអភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើនបន្ថែមទៀត៕