(ភ្នំពេញ)៖ ក្រុមហ៊ុន «លី ហួរគ្រុប» រៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧ ព្រមទាំងជប់លៀងជូនបុគ្គលិកផងដែរ។ ការប្រជុំបូកសរុបការងារនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន «លី ហួរគ្រុប» ក្នុងនោះក៏មានការចូលរួមពី លោកស្រីឧកញ៉ា ស៊ាង លឹម អគ្គនាយករង នៃក្រុមហ៊ុន «លី ហួរគ្រុប» ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិកទាំងអស់ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា លី ហួរ បានលើកឡើងថា តាំងពីឆ្នាំ១៩៨៦ អគារប្ដូរប្រាក់ លី ហួរ ត្រូវបានបង្កើតឡើងនៅក្នុងទីតាំងតូចមួយ ដែលបម្រើសេវាប្ដូរប្រាក់ជាទ្រង់ទ្រាយតូច មានលក្ខណៈជាអាជីកម្មគ្រួសារតែប៉ុណ្ណោះ។ លោកឧកញ៉ាថា ដោយឈរលើគោលការណ៍ស្មោះត្រង់ តម្លាភាព មិនកេងប្រវ័ញ្ច និងចាត់ទុកអតិថិជនជាដៃគូរអាជីវកម្មល្អ អគារប្ដូរប្រាក់ លី ហួរ ចាប់ផ្ដើមមានកេរ្ដិ៍ឈ្មោះបោះសម្លេងបន្ដិចម្ដងៗ នៅទីផ្សារកម្ពុជា និងឈានទៅរកទីផ្សារអន្ដរជាតិ។
បន្ថែមពីនេះ លោកឧកញ៉ា លី ហួរ បានសម្ដែងនូវការកោតសរសើរ និងអរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញការងារអស់ពីលទ្ធភាព តាមមុខងាររៀងៗខ្លួន ធ្វើឲ្យក្រុមហ៊ុន «លី ហួរគ្រុប» ទាំងមូលមានភាពរីកចម្រើន និងទទួលបានជោគជ័យជាលំដាប់រហូតមកដល់ពេលនេះ។
លោកឧកញ៉ា ក៏បានផ្ដាំផ្ញើដល់ថ្នាក់គ្រប់គ្រង់ និងបុគ្គលិកទាំងអស់ ត្រូវរក្សានៅវប្បធម៌ការងារល្អបែបនេះ និងខិតខំប្រឹងប្រែងចូលរួមចំណែក រកយុទ្ធសាស្ដ្រថ្មីៗ ដើម្បីធ្វើឲ្យក្រុមហ៊ុនទទួលបានការរីកចម្រើនជាងនេះទៅទៀត ហើយនៅពេលដែលក្រុមហ៊ុនរីកចម្រើន បុគ្គលិក ក៏ទទួលបានការរីកចម្រើនជាមួយក្រុមហ៊ុនផងដែរ។
សូមបញ្ជាក់ថា ក្រោមបញ្ចប់កិច្ចប្រជុំ លោកអគ្គនាយកក្រុមហ៊ុន «លី ហួរគ្រុប» ក៏បានរៀបចំពិធីជប់លៀង និងប្រគល់ជារង្វាន់ក្រុមហ៊ុនឆ្នើម ព្រមទាំងប័ណ្ណសរសើរបុគ្គលិកឆ្នើម ដល់បុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់ផងដែរ៕