(ភ្នំពេញ)៖ នៅចុងឆ្នាំ២០១៦នេះ ជាទិវាដ៏នក្ខត្ដឫក្សដែលព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្ដេចម៉ៃ ដែលអមព្រះរាជដំណើរដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទំាងមន្រ្ដីអ្នកមុខ អ្នកការជាច្រើនរូបទៀត បានស្ដេចយាង និងអញ្ជើញ តាមព្រះទីន័ងរថភ្លើងពីរាជាយស្ម័យយាន ក្នុងរាជធានីភ្នំពេញ ទៅកាន់ខេត្ដព្រះសីហនុ ។
ក្នុងព្រះរាជដំណើរយោងទៅខេត្ដព្រះសីហនុនេះ ព្រះអង្គ បានជួបសួរសុខទុក្ខកូនចៅប្រជារាស្រ្ដរបស់ព្រះអង្គ មានចំនួនរាប់ម៉ឺននាក់ នៅតាមស្ថានីយ៍រថភ្លើងចំនួន៣ កន្លែងគឺ ស្ថានីយ៍ខេត្ដតាកែវ កំពត និងខេត្ដព្រះសីហនុ ផងដែរ។
នេះជាព្រះរាជដំណើរលើកទី១ហើយ ដែលព្រះអង្គទំាងទ្វេនឹងគង់នៅក្នុងព្រះរាជដំណាក់នាខេត្ដព្រះសីហនុ ដើម្បីឆ្លងឆ្នាំថ្មី ឆ្នាំសកល២០១៧ ដោយព្រះអង្គ បានធ្វើព្រះរាជដំណើរតាមព្រះទីនាំងរថភ្លើងពណ៌ទឹកក្រូច ជាពិសេសបានរំលេចដោយដោតទង់ព្រះមហាក្សត្រ។ បើហេតុនេះ តើទង់ព្រះមហាក្សត្រនេះ ជានិមិត្ដរូបបែបណា?
ឆ្លើយតបនឹងចម្ងល់នេះ លោក រត្ន័ សណ្ដាប់ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ និងជានិពន្ធសៀវភៅស្ដីពី ប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ បានថ្លែងថា ទង់ព្រះមហាក្សត្រនេះ គេហៅថា «ទង់មហារាជ»។ ចំពោះទង់នេះ ជានិមិត្ដរូបតំណាងឲ្យព្រះមហាក្សត្រ ព្រោះប្រើបានតែព្រះមហាក្សត្រម្ចាស់ផែនដីតែប៉ុណ្ណោះ ហើយតាមប្រក្រតីត្រូវបង្ហូតនៅដងទង់ធំ នៅមុខព្រះបរមរាជវំាង និងព្រះរាជដំណាក់ដែលស្ដេចគង់នៅ។ ម្យ៉ាងទៀតតាមធម្មតា បើស្ដេចត្រូវយាង ទៅគង់នៅដំណាក់វំាងឯណាមួយ ក្រៅពីបរមរាជវំាង តំាងពី២៤ ម៉ោងទៅត្រូវបង្ហូតទង់មហារាជខ្នាតតូច នៅព្រះរាជរថនោះជាគ្រឿងសម្គាល់ថា ស្ដេចគង់នៅក្នុងព្រះរាជរថនោះ ឬអ្នកដែលអង្គុយនៅក្នុងព្រះរាជរថនោះ គឺជាព្រះរាជាម្ចាស់ផែនដី អ្នកជិតខាងត្រូវសម្ដែងសេចក្ដីគោរពតាមសមគួរ ជាក់ស្ដែង ដូចព្រះរាជរថ រថភ្លើង ដូចយើងឃើញពេលនេះជាដើម។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា ទង់មហារាជនេះគឺផ្ទៃ ពណ៌ផ្ទៃមេឃ ជាយជុំវិញពណ៌ក្រហម ត្រង់កណ្ដាលផ្ទៃ ប៉ាក់ពណ៌មាសដាក់ពីលើព្រះខ័ន ហើយមានឆ័ត្ររួតមួយគូអមសង្ខាង ។ បើពណ៌នាទៅឃើញថា មានបីពណ៌គឺ ពណ៌មាស ផ្ទៃមេឃ និងក្រហមជាត្រៃរង្គ៕