(ពោធិ៍សាត់)៖ រថយន្តHino ដឹកឈើក្រហម របស់ក្រុមហ៊ុន «MDS» មួយគ្រឿង បានដាច់ហ្វ្រាំង រួចទៅបុកគំនរដី របស់ក្រុមហ៊ុនចិនធ្វើផ្លូវ បណ្តាលឲ្យគំនរឈើបន្តទៅបុកគៀបជាប់តៃកុង ក្នុងរថយន្តស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចចំណោទចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក កែវ ចាន់នី នាយផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា រថយន្តបង្កម៉ាកHino ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខភ្នំពេញ3A-0519 ដឹកឈើក្រហមចេញពីក្រុមហ៊ុន «MDS» បើកបរដោយឈ្មោះ វេ ហ៊ុល អាយុ២៣ឆ្នាំ រស់នៅភូមិស្រែល្វា ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្ដដាច់ហ្វ្រាំង រួចទៅបុកគំនរដី របស់ក្រុមហ៊ុនចិន ដែលកំពុងស្ថាបនាផ្លូវជាតិលេខ៥៥ បណ្តាលឲ្យគំនរឈើបន្តទៅបុកគៀបជាប់តៃកុង ក្នុងកាប៊ីនរថយន្ត ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កនៅកន្លែងកើតហេតុ រងចាំតំណាងក្រុមហ៊ុនចូលខ្លួនមកដោះស្រាយ៕