(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០១៦ បានចុះសួរសុខទុកកម្មករ-កម្មាការិនី ក្នុងស្រុកគងពិសី និងធ្វើយុទ្ធសាស្ត្រទិសដៅ សម្រាប់វិស័យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលស្របតាមទិសដៅ គោលនយោបាយជាតិសុវត្ថិភាពផ្លូវគោក ការខិតប្រឹងប្រែង និងគិតគូរជាអត្ថិភាពសំខាន់អាយុជីវិត ប្រជាពលរដ្ឋ និងកាត់បន្ថយហានិភ័យ ក្នុងធ្វើដំណើរតាមដងផ្លូវក្នុងកម្រិតទាប ថែមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកំពស់ការយល់ដឹងមូលដ្ឋានច្បាប់។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងប្រធានអនុគណ:កម្មការជាតិសុវត្ថិភាពចរាចរផ្លូវគោកខេត្ត បានកំណត់នូវសកម្មភាពជាយុទ្ធសាស្ត្រ និងយន្តការគោលនយោបាយមួយចំនួន ដូចជា ទី១៖បណ្តុះបណ្តាលជនបង្គោលសុវត្ថិភាពចរាចរណ៍តាមសហគមន៍ និងសាលារៀនក្នុងខេត្តកំពង់ស្ពឺ ទី២៖បន្តជំរុញការអនុវត្តនច្បាប់ចរាចរណ៍តាមដងផ្លូវជាប្រចាំ យុទ្ធការតាមសហគមន៍ លើកកំពស់ការយល់ដឹង ទី៣៖ការគោរពច្បាប់សហគមន៍ គ្មានរថយន្តកែឆ្នៃ និងការដឹកលើសទំងន់កំណត់ជំរុញការត្រួតពិនិត្យយានដ្ឋាន ទី៤៖បំពាក់បរិក្ខាសុវត្ថិភាពផ្លូវថ្នល់ និងកែលំអកត្តាវិស្វកម្មផ្លូវថ្នល់ ទី៥៖យុទ្ធនាការជំរុញបង្កើនការពាក់មួកសុវត្ថិភាព ការគោរពល្បឿនកំណត់ ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព មិនត្រូវប្រើប្រាស់គ្រឿងអេឡិចត្រូនិច និងទូរស័ព្ទកំពុងបើកបរគ្មានអ្នកស្រវឹង ឬសេពគ្រឿងញឿន ទី៦៖បើកបរយានយន្ត ពង្រឹងគុណភាព ការប្រឡងយកប័ណ្ណបើកបរ ពង្រឹងយន្តការគ្រប់គ្រងសហគមន៍ដឹកជញ្ជូន និងអ្នកដំណើរ ទី៧៖ការចូលរួមចំណែក ដៃគូរវិស័យសាធារណរដ្ឋ និងឯកជន លើការងារសុវត្ថភាពចរាចរណ៍ សហការស្វែងរកយន្តការជាមួយសមាគមន៏ដឹកជញ្ជូន អង្គការដៃគូរ ក្នុងការរៀបចំមជ្ឈមណ្ឌលបណ្តុះបណ្តាល ដល់អ្នកបើកបរដឹកកម្មករ អ្នកបើកបរថយន្តធំដឹកទំនិញ និងទី៨៖ជំរុញការសិក្សាមជ្ឈមណ្ឌល គ្រប់គ្រងព័ត៌មានចរាចរណ៍ និងសង្គ្រោះបន្ទាន់ធ្វើឲ្យប្រសើរសេវាសង្គ្រោះបន្ទាន់ លើជនរងគ្រោះថ្នាក់ចរាចរណ៍។
បន្ថែមពីនេះ លោអភិបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា កត្តាដែលនាំមានការជោគជ័យធំបំផុត សម្រាប់ផែនការសុវត្ថិភាពនេះគឺ កត្តាចូលរួមអនុវត្តទាំងអស់គ្នាគ្រប់ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋ វិស័យឯកជន និងកត្តាអប់រំរៀនសូត្រស្វ័យសិក្សា និងស្ម័គចិត្តគោរពច្បាប់ទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនោះ លោក វ៉ី សំណាង អមអំណើរដោយ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកអភិបាលស្រុកគងពិសី បន្ដសំណេះសំណាល និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់កម្មករ កម្មការនី រោងចក្រ CHC នៅស្រុកគងពិសី ចំនួន៤,១០០នាក់ ជាពិសេស អ្នកបើរដឹកកម្មករអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាពចរាចរជាប្រចាំ ហាមដាចខាត់មិនត្រូវបញ្ជាយាន្តពេលស្រវឹង។
ចុងបញ្ចប់លោកអភិបាលខេត្ត ចែកមួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរ ២០សៀវភៅ ច្បាប់ចរាចរណ៍២០,០០០ក្បាល និងចំណាំងសុវត្ថិភាព៨០០សន្លឹក៕