(ភ្នំពេញ)៖ មនុស្សជិត៧០០នាក់ ត្រូវបានកម្លាំងនគរបាលជាតិ បង្ក្រាប និងឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅក្នុងខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ នេះបើតាមរបាយការណ៍ បូកសរុបការបង្ក្រាបគ្រឿងញៀន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមរបាយការណ៍រយៈពេល ពេញ១ខែធ្នូ ពោលចាប់ពីថ្ងៃទី១ ដល់៣១ ខែធ្នូ ២០១៦ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធបទល្មើសរក្សាទុក ជួញដូរ និងប្រើប្រាស់ចំនួន ៦៨៣នាក់ ក្នុងនោះមានមុខសញ្ញាជួញដូរ ៤៣៣នាក់ និងមុខសញ្ញាប្រើប្រាស់ ២៥០នាក់។
សូមជម្រាបថា បើយោងតាមរបាយការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០១៦នេះ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ទូទាំងប្រទេសកម្ពុជា បានចុះបង្ក្រាបជនសង្ស័យ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន បានដល់ទៅជិត១ម៉ឺននាក់ ដោយបានរឹបអូសថ្នាំញៀនបាន ជិត២០០គីឡូក្រាម។
រាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា និន្នាការចរាចរ និងជួញដូរគ្រឿងញៀន មិនទាន់មានការថយចុះនៅឡើយទេ ជាក់ស្ដែង ក្នុងឆ្នាំ២០១៦នេះ នគរបាល និងកងរាជអាវុធហត្ថ បង្ក្រាបបាន ៤,១៩១ករណី (បទល្មើសប្រើប្រាស់ ១,១១២ករណី), ចាប់បានជនសង្ស័យសរុប ៩,៨០២នាក់ (អ្នកប្រើប្រាស់គ្រឿងញៀន ៣,៦១១នាក់) និងរឹបអូសគ្រឿងញៀន ជាង១៧៥.៧៩៦គីឡូក្រាម។
របាយការណ៍ដដែលបានបន្តថា កត្តាទាំងនេះ ធ្វើឲ្យការប្រើប្រាស់គ្រឿងញៀន មានការកើនឡើង និងមានការរីករាលដាលគួរឲ្យបារម្ភ ពីទីក្រុងរហូតដល់ជនបទ តំបន់ដាច់ស្រយាលមួយចំនួន បើតាមតួលេខនៃការធ្វើសម្រង់ អ្នកញៀនគ្រឿងញៀន មានចំនួន១៨,៥៥៤នាក់ កើនឡើង៤,២៤២នាក់ ស្នើនឹង ២៩.៦៣ភាគរយ។
សូមជម្រាបថា ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ឲ្យកាន់តែខ្លាំងក្លាថែមទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនសម្រាប់៦ខែ ឆ្នាំ២០១៧ លើកទី១៕