(ភ្នំពេញ)៖ ប្រតិទិនឆ្នាំចាស់ ឆ្នាំ២០១៦ បានរសាត់ផុតទៅ ហើយចូលមកជំនួសវិញ ដោយសន្លឹកថ្មី និងដំបូង នៃប្រតិទិនឆ្នាំថ្មី ឆ្នាំ២០១៧។

ធ្មិចបើក! ធ្មិចបើករយៈពេល ៨៧៦០ម៉ោង ៣៦៥ថ្ងៃ ១២ខែ នៃឆ្នាំ២០១៦ បានកន្លងផុតទៀត ជាមួយរឿងរ៉ាវដែលមាន រសជាតិផ្សេងៗគ្នា ផ្អែម ល្វីង ប្រៃ និង ជូរចត់ ហាក់នៅដិតដាមថ្មីៗនៅឡើយ។ វាហាក់មានអារម្មណ៍ថា ពេលវេលាវាហាក់មានល្បឿនយឺតៗ សម្រាប់អ្នកអង្គុយទន្ទឹងរង់ចាំ និងនៅពេលយើងបានជួបរឿងមិនល្អៗ តែវាបែរជាមានអារម្មណ៍ថាពេលវេលាមានល្បឿនលឿនលយខ្លាំងណាស់ នៅពេលយើងប្រឹងធ្វើអ្វីមួយប្រជែងជាមួយវា ឬ នៅពេលយើងកំពុងធ្វើ ឬ បានជួបរឿងល្អៗនោះ ។

ឆ្នាំ២០១៦ ជាឆ្នាំមួយត្រូវបានគេមើលឃើញថា មានទាំងរឿងល្អៗ និង រឿងអាក្រក់ បានកើតឡើងលាយឡំជាមួយគ្នា។ រាប់ពីប្រជាកសិករ ពាណិជ្ជករ សិស្ស និស្សិត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រហូតដល់ប្រមុខដឹកនាំស្ថាប័នកំពូលៗ របស់ជាតិ រួមនិងអ្នកនយោផងដែរ សុទ្ធតែបានបង្ហាញភាពមមាញឹករៀងៗខ្លួន នៅក្នុងតួនាទីភារកិច្ច ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិត។

ពេញមួយឆ្នាំ២០១៦នេះ ក្នុងគ្រួសារខ្មែរខ្លះ ក៏បានជួបរឿងសប្បាយរីករាយ សុភមង្គលជាមួយភាពជោគជ័យ ក្នុងជីវិតក៏ដូចជា ការងារ និងការសិក្សា។ តែក៏មានគ្រួសារខ្លះទៀត ប្រហែលមិនបានជួបរឿងល្អ ដែលជាភាពសប្បាយរីករាយដូចខ្លួន ប៉ងប្រថ្នានោះដែរ ពោលគឺត្រូវញ៉ាំញីដោយរឿងរ៉ាវមិនល្អជាច្រើន ដូចខ្សែអំបោះជំពាក់មុខស្រាយមិនចេញ។

ក្រឡេកមកអង្គភាពព័ត៌មាន Fresh News វិញ ក៏បានឆ្លងកាត់រឿងរ៉ាវជាច្រើនផងដែរ ក្នុងដំណើរការលើសមរភូមិព័ត៌មាន។ តែទោះជា យ៉ាងណាទាំងថ្នាក់ដឹកនាំ បុគ្គលិកគ្រប់រូបមកពីគ្រប់ផ្នែក បានមូលចិត្តមូលគំនិតពួតដៃជាកម្លាំងដ៏ខ្លាំងក្លា ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីនាំយកដំណឹងពីគ្រប់ទិសទីក្នុងសង្គមកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្មែរ នៅទូទាំងសកលលោក។

ការរួមគ្នាជាកម្លាំងដ៏មុតស្រួច បានធ្វើឲ្យ Fresh News ក្លាយជាព័ត៌មានឈានមុខគេមួយនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មាន ទាន់ហេតុការណ៍ តាមបច្ចេកវិទ្យាទំនើប បាញ់បញ្ជូនទៅលើទូរស័ព្ទ Smart Phone និង នៅតាមកុំព្យូទ័រផងដែរ។

អង្គភាពព័ត៌មាន Fresh News បើទោះពីជាមានអាយុទើបជាង ២ឆ្នាំ (១៥-ឧសភា-២០១៤) តែបានទទួលការគាំទ្រខ្លាំង និងឈានមុខមួយនៅកម្ពុជានេះ មិនមែនកើតឡើងដោយឥតព្រាងទុកនោះឡើយ ពោលបានកើតឡើងជាមួយទស្សនៈ និង ចក្ខុវិស័យមួយប្រកបភាព ប្រាកដនិយមខ្ពស់បំផុត។ គិតត្រឹមដំណាច់ឆ្នាំ២០១៦នេះ Fresh News មានមិត្តអ្នកអាននៅលើ App ប្រមាណ ៨០ម៉ឺននាក់ លើគេហទំព័រមានអ្នកចូលទស្សនាប្រចាំថ្ងៃជាង ៣០ម៉ឺននាក់ ខណៈលើទំព័រ Facebook មានអ្នកចុច Like ជាង ១.៤លាន។

ក្នុងនាមជានាយកប្រតិបត្តិ (CEO) និងជាស្ថាបនិក នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បុគ្គលិកគ្រប់ផ្នែក ដែលបានរួមគ្នាជាកម្លាំងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុង ក្រអៅបេះដូង ចាត់ទុកការងារជាចំណី ហើយស្រេកឃ្លានការងារគ្រប់ពេលវេលា។

ខ្ញុំសង្ឃឹមថា បើទោះឆ្នាំចាស់ផ្លាស់ផុតទៅ ជំនួសដោយឆ្នាំថ្មីយ៉ាងណាក្តី តែទឹកចិត្តដ៏មុះមុតរបស់បុគ្គលិកទាំងអស់និងមិនប្រែ ថ្មីនោះឡើយនៅតែបន្តរក្សាប្រមូលគ្នាជាកម្លាំង ហើយកាន់តែខ្លាំងក្លាជាងឆ្នាំចាស់ ដើម្បីសម្រេចគោលដៅរួមមួយ កសាងអង្គភាពព័ត៌មានជាទ្រនំ ដ៏សុខសាន្តមួយនេះ ឲ្យកាន់តែល្បាញល្បីថែមទៀត។

ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាព Fresh News តាំងពីដើមរៀងមក។ ជាពិសេសម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដែលជាការបន្តក់នូវទឹក អម្រិតប្រោសព្រំផ្តល់ដង្ហើមឲ្យ Fresh News អាចឈរជើង លើវេទិកា នៃការផ្តល់ព័ត៌មានប្រកបដោយការ ប្រកួតប្រជែងនាពេលបច្ចុប្បន្ន។

ជាមួយការចាប់ផ្តើមនូវទំព័រជីវិតថ្មី ក្នុងឆ្នាំថ្មី ឆ្នាំ២០១៧ ខ្ញុំសូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតន ត្រៃ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន និងមិត្តអ្នកអានទាំងអស់បាន សមប្រកបតែសេចក្តីសេចក្តីចម្រើន វិបុលសុខ និងពរជ័យគ្រប់ប្រការ នៅក្នុងជីវិត។ សូមឲ្យបានទទួលជោគជ័យគ្រប់ការ ងារ ភារកិច្ច និង របរអាជីវកម្ម៕

លឹម ជាវុត្ថា, នាយកប្រតិបត្តិ