(ព្រះសីហនុ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ បានសព្វព្រះរាជហឫទ័យរាជានុញ្ញាត ឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលក្រាបបង្គំថ្វាយព្រះពរជ័យ សេរីមហាប្រសើរ ក្នុងឱកាសឆ្នាំថ្មី នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅព្រះរាជដំណាក់ ក្នុងខេត្តព្រះសីហនុ។
សូមជម្រាបថា ព្រះករុណាជាអម្ចាស់ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលអមព្រះរាជដំណើរដោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងរាជវង្សានុវង្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ បានសព្វព្រះរាជហឫទ័យ ស្តេចយាងតាមរថភ្លើងរបស់អ្នកឧកញ៉ា គិត ម៉េង ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំថ្មី ឆ្នាំ២០១៧។
ព្រះករុណាថ្លៃវិសេស និង សម្តេចព្រះវររាជមាតាជាតិខ្មែរ តែងយកព្រះទ័យយកចិត្តទុក្ខដាក់ពី សុខទុក្ខប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណៈ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានខិតខំទាំង ធ្វើឲ្យប្រទេសមានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យឥតឈប់ឈរ៕