(កំពត)៖ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថក្រុងកំពត ដឹកនាំបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ជាប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនបាន ជនសង្ស័យ ០៦នាក់ ដកហូតថ្នាំញៀនចំនួន១០កញ្ចប់ នៅវេលាម៉ោង១១:៣០នាទីថ្ងៃជិតត្រង់ទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចក្នុងបន្ួប់ផ្ទះជួល ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុង និងខេត្តកំពត។
លោក វរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ជាប្រធានមន្ទីរយុត្តិធម៌ (អហ) ខេត្តបានប្រាប់ឲ្យដឹងថា ជនសង្ស័យ ទាំង០៦នាក់ខាងលើ រួមមាន: ១.ឈ្មោះ លី ហាក់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុង និងខេត្តកំពត, ២.ឈ្មោះ សេង ហេង ភេទប្រុសអាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត, ៣-ឈ្មោះ តាំង រួចភេទទី៤ អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ មានទីលំនៅ ក្នុងបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិ សង្កាត់ កន្លែងឃាត់ខ្លួនខាងលើ, ៤.ឈ្មោះ ឡេង តាយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុង និងខេត្តកំពត, ៥.ឈ្មោះ សេង ហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង និងខេត្តកំពត និង ៦.ឈ្មោះ ហ៊ាន ថារ៉ាន់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
កម្លាំងអាវុធហត្ថ ដកហូតម្សៅក្រាមព៌ណសថ្លា(សង្ស័យជាសារធាតុញៀន)ចំនួន០១កញ្ចប់ធំ និង០៩កញ្ចប់តូច ស្មើនឹង ៤,៨០ក្រាម,សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន,ជញ្ជីងថ្លឹង១ និងទូរស័ព្ទដៃ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕