(ភ្នំពេញ)៖ បញ្ហាក្នុងដែនសមុទ្រចិនខាងត្បូង រវាងប្រទេសចិន ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន មិនត្រឹមតែជាបញ្ហា ក្តៅគគុកសម្រាប់តំបន់នោះទេ តែក៏បានក្លាយជាបញ្ហាក្តៅសម្រាប់កម្ពុជាផងដែរ នៅក្នុងឆ្នាំ២០១៦នេះ។ សង្រ្គាមព័ត៌មាន និងសង្រ្គាមការទូតជាច្រើនបានផ្ទុះឡើងជាបន្តបន្ទាប់។
ព័ត៌មាន និងអ្នកការទូតរបស់បណ្តាប្រទេសមានជម្លោះដែនសមុទ្រជាមួយប្រទេសចិន បាននាំគ្នាចោទប្រកាន់កម្ពុជាថា មិនអព្យាក្រឹត្យ មានភាពលំអៀងទៅរកប្រទេសចិនជាដើម ហើយខ្លះទៀតថា កម្ពុជាធ្វើឲ្យខូចគោលការណ៍រួម (consensus) របស់អាស៊ានថែមទៀត ផង។
បើទោះបីប្រឈមមុខនិងសង្រ្គាមការទូត ក៏ដូចជាសម្ពាធពីបណ្តាប្រទេសសមាជិកអាស៊ាន មានជម្លោះជាមួយចិនយ៉ាងណា ក្តីប្រមុខរាជរដ្ឋាភិបាល ដែលធ្លាប់ជាមន្រ្តីការទូតមួយរូបក្នុងសម័យរដ្ឋកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តជំហរ អព្យាក្រឹត្យឥតងាករេមិនច្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមានជម្លោះ និងប្រកាន់ជំហរឲ្យប្រទេសមានជម្លោះ ដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានគេប្រសិទ្ធនាមជាបុរសខ្លាំងរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញមុខប្រកាសបដិសេធមិនទទួលស្គាល់ការសម្រេចរបស់តុលាការមជ្ឈត្តិកម្មទីក្រុងឡាអេលើសំណុំរឿងសមុទ្រចិនខាងត្បូងរវាងប្រទេសចិន និងប្រទេសហ្វីលីពិនផងដែរ។
នៅក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ នៃការបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា មានអ្នកមកបញ្ចុះបញ្ចូលសម្តេចឲ្យគាំទ្រលើសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តិកម្មក្រុងឡាអេ ទាំងមិនទាន់ដឹងថា សេចក្តីសម្រេចនោះមានលទ្ធផលយ៉ាងណានៅឡើយ។ ថ្ងៃដដែលនោះ សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសដាច់ណាត់ថា សម្តេច នឹងមិនគាំទ្រការសម្រេចនោះឡើយ ទោះបីលទ្ធផលបែបណាក៏ដោយ។
ទីបំផុតសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តិកម្មឡាអេ តាមបណ្តឹងរបស់ប្រទេសហ្វីលីពិន ក៏បានសម្រេចឲ្យហ្វីលីពិនឈ្នះក្តីលើប្រទេស ចិនក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។ សេចក្តីសម្រេចនេះ ទាំងប្រទេសចិន និងកម្ពុជា មិនទទួលស្គាល់នោះឡើយ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ លោកស្រី BU Jianguo ឯកអគ្គទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ជំហររបស់នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាជំហរអព្យាក្រឹត្យក្នុងជម្លោះសមុទ្រចិនខាងត្បូង ជាពិសេសការមិនគាំទ្រលើសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តិកម្មអន្តរជាតិឡាអេ ធ្វើឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលចិន វាយតម្លៃខ្ពស់ ហើយប្រជាពលរដ្ឋចិន រាប់លាននាក់បានសម្តែងការដឹងគុណចំពោះជំហរ ដ៏រឹងមាំនេះ។
គួររំលឹកដែរថា ក្រោយពីការប្រកាសជំហរអព្យាក្រឹត្យនេះ រយៈពេលជិតមួយខែក្រោយមកប្រទេសចិន ក៏បានប្រកាសផ្តល់ជំនួយដល់កម្ពុជា ៦០០លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍនៅកម្ពុជារយៈពេល ៣ឆ្នាំចាប់ពីឆ្នាំ២០១៦ ដល់២០១៨។ ជំនួយនេះ ត្រូវបានប្រកាសក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង ក្នុងពេលចូលរួមកិច្ចប្រជុំនាប្រទេសម៉ុងហ្គោលី។
ជំនួយនេះ នាំឲ្យមានការលើកឡើងថា ជាជំនូនសម្រាប់កម្ពុជា ដែលមិនគាំទ្រការសម្រេចរបស់តុលាការមជ្ឈត្តិកម្មឡាអេ តែមន្រ្តីកម្ពុជា បានច្រានចោលការលើកឡើងទាំងនេះ ហើយបានអះអាងថា ជំនួយកើតចេញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរតាំងពីបុរាណកាល មក។
តែទោះជាយ៉ាងណាសង្រ្គាមការទូតលើជម្លោះដែនសមុទ្រចិននេះ ក៏បានស្ងប់ស្ងាត់ទៅវិញនៅក្រោយកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេស ឡាវ នាចុងឆ្នាំ២០១៦នេះ បន្ទាប់ពីប្រទេសហ្វីលីពិន ដែលជាអ្នកមានជម្លោះស្រួចស្រាវជាមួយចិនលើដែនសមុទ្រនេះ បានប្រែជំហរ ១៨០ដឺក្រេ ទៅរឹតចំណងទំនាក់ទំនងជាមួយចិន និងពាក់មុខយក្សដាក់សហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តពីអតីតកាលរបស់ខ្លួន និងជាបង្អែកប្រឆាំងយ៉ាងក្រាញននៀលជាមួយចិនលើជម្លោះសមុទ្រចិនខាងត្បូងទៅវិញ។
បញ្ហាសមុទ្រចិនខាងត្បូងនេះ ក៏បានធ្វើឲ្យប្រទេសកម្ពុជា ដែលជាប្រទេសតូចមួយក្នុងតំបន់អាស៊ី ក្លាយជាមានហុងស៊ុយខ្ពស់ និងប្រៀបដូចជានារីអប្សរា ដ៏ស្រស់សោភាទទួលបានការប្រតិព័ទ្ធខ្លាំងពីប្រទេសមហាអំណាចពិភពលោក ដូចជាអាមេរិក និងប្រទេសចិន។ មេដឹកនាំ និងប្រមុខការទូតប្រទេសមហាអំណាចពិភពលោកទាំងពីរ បានធ្វើដំណើរជាបន្តបន្ទាប់មកកាន់ទឹកដីកម្ពុជា។ ដំណើរនេះ ត្រូវបានគេពិពណ៌នាថា ជាការចែចូវមួយ។
លោក ចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៥-២៦ ខែមករា។ ដំណើរទស្សនកិច្ចនេះ ត្រូវបានលើកឡើងថា ជាដំណើរទស្សនកិច្ចដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ដោយមិនមានហេតុផលអ្វីផ្សេងនោះ ឡើយ តែក្រុមអ្នកវិភាគបានមើលឃើញថា ជាដំណើរចែចូវកម្ពុជា កុំឲ្យមានជំហរទោទន់ខ្លាំងទៅរកប្រទេសចិន ជាពិសេសក្នុងសំ ណុំរឿងសមុទ្រចិនខាងត្បូងតែម្តង។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ចន ឃើរី ក៏ឈានដល់ដំណើរទស្សនកិច្ចប្រមុខការទូតចិន លោក វ៉ាង យី។ លោក វ៉ាង យី បានមកដល់កម្ពុជា ចំនួនពីរដង គឺនៅថ្ងៃទី២១-២២ មេសា និងម្តងទៀតនៅថ្ងៃទី០៨ ខែកក្កដា។ ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី គឺត្រូវបានអះអាងដោយមន្រ្តីប្រទេសទាំងពីរថា ធ្វើឡើងដើម្បីរឹតចំណងការទូតដែលមានតាំងពីបុព្វកាល។
តែក្រសែភ្នែករបស់ក្រុមអ្នកវិភាគមិនមើលឃើញដូច្នេះនោះឡើយ ពួកគេមើលឃើញថា ដំណើរទស្សនកិច្ចនេះ គឺបង្ហាញទៅកាន់ពិភពលោក ជាពិសេសអាមេរិក និងប្រទេសសមាជិកអាស៊ានមានជម្លោះសមុទ្រជាមួយចិនថា កម្ពុជា-ចិន គឺតែមួយ ដូច្នេះគ្មានការបញ្ចុះបញ្ចូលណាមួយឲ្យកម្ពុជាប្រឆាំងចិន កើតមាននោះឡើយ។
សូមបញ្ជាក់ថា ព្រោះតែការចង់ពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ី និងចង់ទាញយកបេះដូងប្រទេសទាំង១០ របស់អាស៊ាន នោះ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៦នេះ ប្រធានាធិបតីអាមេរិក លោក ប៉ារ៉ា អូបាម៉ា បានផ្តល់កិត្តិយសយ៉ាងធំធេងដល់ប្រមុខដឹក នាំទាំង១០ ដោយបានអញ្ជើញឲ្យទៅបំពេញទស្សនកិច្ចនៅក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិករយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់១៨។ ការអញ្ជើញនេះ មានការរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតមិនធ្លាប់មានពីប្រធានាធិបតីអាមេរិក។
រឿងដែលធ្វើឲ្យគេភ្ញាក់ផ្អើលផងដែរនោះ គឺនៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦ ប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង ក៏បានមក បំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ដំណើរទស្សនកិច្ចរបស់លោក ហ្ស៊ី ជិនពីង ពីរថ្ងៃនៅកម្ពុជា ក្រៅពីការបង្ហាញនូវការពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ហើយនោះ ក៏ត្រូវបានគេមើលឃើញថា ជាការបំពេញមុខបំពេញមាត់កម្ពុជា ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនផងដែរ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ប្រទេសចិន និងកម្ពុជា បានចុះកិច្ចព្រមព្រៀង និងពិធីសារចំនួន ៣១ផងដែរ ដែលមានទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
ចិន បានសម្រេចលុបបំណុលប្រមាណ ៦០០លានយ័ន ដែលកម្ពុជាបានខ្ចី ដើម្បីអភិវឌ្ឍកាលពីឆ្នាំ២០១៥ ហើយចិន ក៏បានបន្ថែមក់ជំនួយ ១០០លានយ័នថែមទៀត ដើម្បីជួយប្រទេសលើវិស័យយោធា។ រដ្ឋាភិបាលចិន ក៏បានព្រមបង្កើនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាពី ៥០០កន្លែង និង១០០កន្លែង និងព្រមជំរុញការហោះហើរត្រង់ ដើម្បីបង្កើនភ្ញៀវទេសចរពី ៧០ម៉ឺននាក់ ទៅ ២លាននាក់។ ចិន ក៏បានបង្កើនការទិញអង្ករពីកម្ពុជាពី ១០ម៉ឺនតោន ទៅ២០ម៉ឺនតោន។
ព្រឹត្តិការណ៍ដែលចាត់ទុកថាជាជោគជ័យការទូតអន្តរជាតិរបស់កម្ពុជាផងដែរនោះ គឺការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពិន លោក រ៉ូឌ្រីហ្គោ ឌុយឌែតេ កាលពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា កន្លងទៅនេះ។ សូមរំលឹកថា ហ្វីលីពិន និងកម្ពុជា ធ្លាប់ជាប្រទេសមើលមុខគ្នាមិនចំ និងធ្លាប់ផ្ទុះសង្រ្គាមសម្តីការទូតជាមួយគ្នា រហូតដល់មានការដោះដូរមន្រ្តីទូតនាអំឡុងឆ្នាំ២០១២។
ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពិន បានបង្ហាញពីចំណងការទូតល្អប្រសើរឡើងវិញ រវាងប្រទេសទាំងពីរ ដែលជាសមាជិកអាស៊ាន។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានពិធីសារចំនួន ៤ត្រូវបានចុះហត្ថលេខាជាមួយគ្នាផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក រ៉ូឌ្រីហ្គោ ឌុយឌែតេ ក៏បានដឹកដៃស្តេចប្រដាល់ពិភពលោក លោក ម៉ែននី ប៉ាក់គីអាវ មកផងដែរ ជាហេតុធ្វើដំណើរទស្សនកិច្ចនេះ មានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន។
អ្វីដែលបានលើកឡើងខាងលើ បានបង្ហាញឲ្យឃើញពីភាពប៉ិនប្រសប់ និងការបត់បែនដ៏ទន់ភ្លន់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន លើទំនាក់ទំនងការទូត។ ព្រោះភាពប៉ិនប្រសប់ និងការបត់បែនដ៏ទន់ភ្លន់នេះ ធ្វើឲ្យកម្ពុជាអាចទប់ទល់ក្នុងជម្លោះពង្រីកឥទ្ធិពលរវាងមហាអំណាចិន និងអាមេរិក នៅតំបន់អាស៊ីប៉ាហ្វិក ហើយនៅតែអាចរក្សាបានទំនាក់ទំនងយ៉ាងល្អជា មួយមហាអំណាចទាំងពីរ និងឈានទៅបង្កើតភាពល្អប្រសើរនៃទំនាក់ទំនងជាមួយប្រទេសហ្វីលីពិន ដែលធ្លាប់ប៉ះសង្រ្គាមពាក្យ សម្តីនិងគ្នាថែមទៀត៕