(សៀមរាប)៖ លោក ងីតាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិ គណនេយ្យ បានថ្លែងថា វគ្គបណ្ដុះបណ្ដាលលើកទី៥ ស្ដីពីស្តង់ដារបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ដល់សាស្រ្ដាចារ្យពីសាកលវិទ្យាល័យចំនួន៥ ក្នុងរយៈពេលជិតពីរសប្ដាហ៍មកនេះ ដែលចាប់ពីថ្ងៃទី១៩ -៣០ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ចប់ដោយជោគជ័យហើយ។
លោកបានបន្ដ ក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលនេះទៀតថា ស្តង់ដារបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជានេះ ជាការបង្ហាញ អំពីវិភាគទាន ដ៏ចាំបាច់មួយរបស់ក្រុមប្រឹក្សាជាតិគណនេយ្យ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែង ជំរុញកំណើនចំណូលសារពើពន្ធ នៅក្នុងកាលៈទេសៈមួយ ដែលកម្ពុជាកំពុងអនុវត្ដកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនេះ គឺជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការខិតខំប្រឹងប្រែងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបន្ដថា ដូច្នេះ សម្រាប់សាស្ដ្រាចារ្យ ដែលមកពីសាកលវិទ្យាល័យទាំង៥នេះ រួមមាន សាកលវិទ្យាស្វាយរៀង សាកលវិទ្យាល័យជាស៊ីមកំចាយមារ សាកលវិទ្យាល័យអង្គរ សាកលវិទ្យាល័យ បញ្ញាសាស្ដ្រ សាកលវិទ្យាល័យបៀលប្រាយ ខេត្ដសៀមរាប និងមានការចូលរួមពីនិស្សិត សរុបប្រមាណ១០០នាក់ ដែលទទួលបានការបណ្ដុះបណ្ដាល ដ៏មានគុណវឌ្ឍន៍ខ្ពស់នេះ ក្នុងការពង្រីកចំណេះដឹង ផ្នែកគណនេយ្យ និងការពន្លឿននូវស្ដង់ដាររៀបចំ របាយការណ៍ហិរញ្ញវត្ថុ នៅតាមសាកល រួមទាំងតាមសហគ្រាស ហើយជំនាញនេះ បានដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញកំណើន និងប្រសិទ្ធភាព នៃការប្រមូលចំណូលសារពើពន្ធ ឆ្លើយតបនឹងឆន្ទៈ នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតម្លើងប្រាក់បៀវត្សមន្រ្តីរាជការ និងការពង្រឹងសេវាជូនប្រជាពលរដ្ឋផងដែរ។
ទន្ទឹមនឹងនោះ លោក ជិនចាន់ធីវសាស្រ្តាចារ្យនៃសាកលវិទ្យាល័យស្វាយរៀង ក៏បានលើកឡើងផងដែរថា វគ្គបណ្ដុះបណ្ដាលស្ដីពី ស្តង់ដារបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ពិតជាមានអត្ថប្រយោជន៍ណាស់ ពិសេសការកសាងសមត្ថភាព សាស្ដ្រាចារ្យ នៅតាមសាកលវិទ្យាល័យ ឲ្យមានប្រសើរឡើង ក្នុងការចងក្រងឯកសារ ផ្នែកហិរញ្ញវត្ថុយ៉ាងទំនើប ហើយលោកបានប្ដេជា្ញ ថានឹងធ្វើបច្ចុប្បន្នភាពសៀវភៅ សម្រាប់និសិត្សឲ្យទាន់សភាពការ ការងារឆ្នាំ២០២០ ដើម្បីចូលរួមចំណែក ការអភិវឌ្ឍធនធានមនុស្ស ទាន់សមាហរណកម្មសេដ្ដកិច្ចអាស៊ាន៕