(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០១៦នេះ ទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីតាមក្រសួងស្ថាប័ននានា ត្រូវបានគេមើលឃើញថា ប្រឹងប្រែងពួតដៃរួមគ្នាសម្រេចនូវសមិទ្ធជាច្រើនជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា ជាពិសេសការបន្តរក្សាបានសុខសន្តិភាព សណ្តាប់ធ្នាប់របៀបរៀបរយក្នុងសង្គម ព្រមទាំងស្ថេរភាពនយោបាយ សុទ្ធសឹងជាកត្តាសំខាន់ៗ សម្រាប់ធានាដល់ការប្រព្រឹត្តទៅមុខប្រកបដោយប្រក្រតីភាព នៃដំណើការអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ការរក្សាបានស្ថេរភាពនយោបាយ សង្គម សុខសន្តិភាព ក៏ដូចជាការប្រឹងប្រែងរួមគ្នាគិត និងរួមគ្នាធ្វើទាំងប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីជាសេនាធិការ បានធ្វើឲ្យកម្ពុជានៅតែបន្តបោះជំហានអភិវឌ្ឍន៍ទៅមុខ ជាមួយការរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង ៧ភាគរយ។ ក្រៅពីការរក្សាបាននូវស្ថេរភាពនយោបាយ សង្គម សុខសន្តិភាព និងការជំរុញកំណើនសេដ្ឋកិច្ចនេះទៅ គេសង្កេតឃើញមានសមិទ្ធផល លេចធ្លោរមួយចំនួនត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បើកមស្ពោធដាក់ឲ្យប្រើប្រាស់ដោយផ្ទាល់ ហើយក៏មានបញ្ហាមួយចំនួន ត្រូវបានដោះស្រាយដោយផ្ទាល់ និង បន្ទាន់ផងដែរ។
នៅក្នុងឆ្នាំ២០១៦នេះ មានផ្លូវជាតិធំៗចំនួន ៣ខ្សែ ស្ពានមួយខ្សែ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ និងស្ពានឆ្លងកាត់ទន្លេបាសាក់មួយខ្សែទៀត ក៏ត្រូវបានចាក់បេតុងតភ្ជាប់ផងដែរ។
ផ្លូវជាតិធំៗ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ដោយសម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១៦នេះ រួមមាន៖ ផ្លូវជាតិលេខ៥៦ ចាប់ពី ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ រហូតដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងផ្លូវចូលប្រាសាទបន្ទាយឆ្មា ក្រាលកៅស៊ូ DBST មានប្រវែងសរុបជាង ១២៤គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ប្រមាណ ៤៥លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងដំណាក់កាលសាងសង់ផ្លូវនៅលើដែនដី អតីតសមរភូមិសង្រ្គាមមួយនេះ ត្រូវបានរកឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាង ២ពាន់គ្រាប់។ ផ្លូវជាតិលេខ៥៦ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។
ផ្លូវជាតិលេខ៤៤ ប្រវែងជិត ១៤០គីឡូម៉ែត្រ តភ្ជាប់ពីក្រុងច្បារមន ទៅស្រុកឱរ៉ាល់ និងឧត្តុង ខេត្តកំពង់ស្ពឺ ចំណាយថវិកាសាងសង់ជាង ៨៥លានដុល្លារអាមេរិក។ ផ្លូវនេះសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦។
កំណាត់ផ្លូវជាតិលេខ៧៦ ភ្ជាប់ពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទៅស្រុលំផាត់-តាអង់ ខេត្តរតនគិរី ប្រវែងជាង ១៧១គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ជាង ៩៧លានដុល្លារអាមេរិក ត្រូវបានសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រៅពីផ្លូវជាតិទាំង៣ខ្សែនេះ ស្ពានអាកាស ៥មករា នៅក្នុងរាជធានីភ្នំពេញ ដែលចំណាយថវិកាសាងសង់ជាង ១៤លានដុល្លារអាមេរិក ដើម្បីរំដោះការកកស្ទះចរាចរណ៍ ត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦។
ដោយឡែកស្ពានឆ្លងកាត់ទន្លេបាសាក់មួយទៀត គឺស្ពានកោះធំ ប្រវែង ៤១៥ម៉ែត្រ ដែលចំណាយថវិកាសាងសង់ជិត ២០លានដុល្លារអាមេរិក ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញចាក់បេតុងតភ្ជាប់នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។ ស្ពានកោះធំ ស្ពានប្រវត្តិ សាស្រ្តថ្មីលើទឹកដីស្រុកកោះធំ គ្រោងនឹងបញ្ចប់ការសាងសង់ ហើយសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៧នេះ។
ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម» និង ពាក្យស្លោករបស់ចិនថា «មានផ្លូវ មានស្ពាន គឺមានទ្រព្យសម្បត្តិ» ទាំងផ្លូវជាតិ និងស្ពានទាំងដែលបានដាក់ឲ្យប្រើប្រាស់ និងគ្រោងដាក់ឲ្យប្រើប្រាស់នេះ បានក្លាយជាសរសៃឈាមថ្មីបម្រើដល់ការដឹកជញ្ជូន និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល ហើយក៏បានក្លាយជាចរន្តសេដ្ឋកិច្ចជាតិ ដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។
ឆ្នាំ២០១៦ គឺជាឆ្នាំមួយ នៃអាណត្តិទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកំណែទម្រង់ស៊ីជម្រៅ មើលការផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ម្ចាស់ឆ្នោតជាចម្បង។ ឈរលើនយោបាយកំណែទម្រង់ផ្តល់ប្រយោជន៍ ជូនប្រជាពលរដ្ឋជាធំ នៅឆ្នាំ២០១៦នេះ សម្តេច តេជោ ហ៊ុន សែន ក៏បានធ្វើការសម្រេចចិត្តដកហូតផ្លូវចំនួន ៣ខ្សែចេញពីការវិនិយោគរបស់ឯកជនមកគ្រប់គ្រងដោយរដ្ឋ និងបញ្ឈប់ការ យកលុយពីប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់។
ផ្លូវដែលបញ្ឈប់ការគ្រប់គ្រងរបស់ឯកជននោះរួមមាន៖ ផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ផ្លូវ២០១៤ និង ផ្លូវវ៉េងស្រេង ក្នុងរាជធានីភ្នំពេញ។ ការដកហូតយកផ្លូវទាំង៣ខ្សែមកគ្រប់គ្រងលែង ឲ្យប្រជាពលរដ្ឋបង់ប្រាក់ ក៏ជាការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី ដែលនាំឲ្យប្រជាពលរដ្ឋសាទរខ្លាំងផងដែរ ព្រោះពួកគេ បានកាត់បន្ថយការចំណាយប្រចាំថ្ងៃលើការបង់ថ្លៃ ធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះ។
ការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលត្រូវបានមើលឃើញថា ជាអំណរសាទររបស់ប្រជាពលរដ្ឋ នៅក្នុងឆ្នាំ២០១៦នេះដែរនោះ គឺការអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរអាចបើកបរម៉ូតូកម្លាំងក្រោម ១២៥សេសេ ដោយមិនចាំបាច់ធ្វើបណ្ណបើកបរ, លើកលែងពន្ធលើការផ្ទេរមរតករវាងឪពុកម្តាយ និងកូន, ប្តី និងប្រពន្ធ, ជីដូនជីតា និងចៅបង្កើត និងការលើកលែងលើពន្ធប្រថាប់ត្រា លើការផ្ទេរសិទ្ធិយានយន្តគ្រប់ប្រភេទ។
ឆ្នាំ២០១៦នេះ ក៏ជាឆ្នាំ ដែលប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកការធ្វើដំណើរតាមរថយន្ត ចុះពីខេត្តមួយ ទៅកាន់ខេត្តមួយ ជាបន្តបន្ទាប់ ដើម្បីជួបសំណេះសំណាលស្វែងយល់ដោយផ្ទាល់អំពីសុខទុក្ខ និងបញ្ហារបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋ។ តាមរយៈការធ្វើដំណើរតាមរថយន្ត ចុះទៅតាមបណ្តាខេត្តនេះ សម្តេចតេជោ ហ៊ុន សែន ពិតជាបានរកឃើញនូវបញ្ហារបស់មន្រ្តី រាជការ ក៏ដូចជាប្រជាពលរដ្ឋ ហើយបានដោះស្រាយជូនពួកគេជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងវិវាទដីធ្លី ដែលបានកើតមានរាប់ឆ្នាំផងដែរ។
មកដល់ពេលនេះ មានខេត្តចំនួន ២២ហើយ ដែលនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទៅដល់នៅសល់តែខេត្តកោះកុង និងព្រៃវែងតែប៉ុណ្ណោះ មិនទាន់បានអញ្ជើញទៅ។ ក្នុងដំណើរចុះតាមបណ្តាខេត្តទាំង២២នេះ ការដោះស្រាយលើបញ្ហាអប់រំ និងកង្វះអគារសិក្សារបស់សិស្សានុសិស្ស ក៏ជាបញ្ហាអាទិភាពចម្បងមួយរបស់សម្តេចតេជោ ហ៊ុន សែន ហើយតែងបានផ្តល់អគារសិក្សាគ្រប់បណ្តាខេត្ត ដែលបានអញ្ជើញទៅដល់។ អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅរបស់គ្រូ និងសិស្ស ដែលសម្តេចផ្តល់ជូនសរុប ២៩៦ខ្នង ស្មើនិង ៣,២១២បន្ទប់។
ក្នុងចំណោមអគារទាំងអស់នេះ មានអគារសិក្សា ១៥៥ខ្នង ២,៤៩១បន្ទប់, ទីចាត់ការ ៩៩ខ្នង ២៩៧បន្ទប់, អន្តេវាសិកដ្ឋានសម្រាប់គ្រូ និងសិស្ស ៤២ខ្នង ៤២៤បន្ទប់។ សម្តេចតេជោ ហ៊ុន សែន ក៏បានសាងសង់ផ្ទះគ្រូ ៣ល្វែង និងសាងសង់ព្រះវិហារពីរផងដែរ។ ក្រៅពីការផ្តល់អគារសិក្សា ទីចាត់ការ អន្តេវាសិកដ្ឋានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងឲ្យមានការរៀបចំរបង ទីធ្លារសាលា ហើយក៏មានការសាងសង់តារាងបាល់ទាត់ បាល់ទះ និងបាល់បោះផងដែរ។
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានទទួលអគារសិក្សា និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីនោះ បានសម្តែងក្តីសប្បាយរីករាយ។ ទាំងគ្រូ និងសិស្សសុទ្ធតែបានចាត់ទុកការផ្តល់អគារសិក្សា អគារស្នាក់នៅជាការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងមានគុណតម្លៃសម្រាប់ការអប់រំនៅកម្ពុជា ជាពិសេសតាមជនបទ។
ទន្ទឹមនិងការផ្តល់អគារសិក្សានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា សម្តេចនឹងប្រឹងប្រែងដោះស្រាយការខ្វះខាតលើវិស័យអប់ រំជូនកូនខ្មែរក្នុងសម័យថ្មីនេះ មិនឲ្យកម្សត់ដូចសម័យសម្តេច ដែលរងគ្រោះដោយភ្លើងសង្រ្គាម គ្មានឱកាសទទួលបានការអប់រំនោះទេ។
ក្រៅពីការអញ្ជើញចុះតាមសាលាហើយនោះ ដំណើរចុះតាមបណ្តាខេត្តនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលជួបអាជីវករតាមបណ្តាផ្សារនានា។ តាមរយៈការចុះតាមផ្សារនេះ ធ្វើឲ្យសម្តេចនាយករដ្ឋមន្រ្តី រកឃើញពីកង្វល់របស់ក្រុមអាជីវករផងដែរ។
ឆ្លើយតបកង្វល់របស់ក្រុមអាជីវករសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចចេញសារាចរណ៍ថ្មីមួយ ស្តីពីការគ្រប់គ្រងផ្សារទូទាំងប្រទេស ក្នុងនោះផ្សាររបស់រដ្ឋទាំងអស់ ត្រូវបានអនុញ្ញាតឲ្យក្រុមអាជីវករអាចគ្រប់គ្រងពេញមួយជីវិត ដោយមិនមានការដកហូតនោះឡើយ ហើយក៏អនុញ្ញាតឲ្យពួកគេមានសិទ្ធិផ្ទេរកម្មសិទ្ធិទៅកូនចៅរបស់ពួកគេផងដែរ។
ជាពិសេសនៅចុងឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការសម្រេចមិនឲ្យមានការយកថ្លៃ ភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង នៅគ្រប់ផ្សារទូទាំងប្រទេស។ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ត្រូវបានគេមើលឃើញថា ជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយក៏បានធ្វើឲ្យក្រុមអាជីវករសម្តែងអំណរសាទរផងដែរ។
នៅក្នុងឆ្នាំ២០១៦ ក៏ជាឆ្នាំដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន សម្រាប់យកការគ្រប់គ្រងលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរពីក្រុមហ៊ុនរបស់លោក សុខ គង់ មកគ្រប់គ្រងដោយរាជរដ្ឋាភិបាលវិញ។ ការដកហូតការគ្រប់គ្រងលក់សំបុត្រនេះ ក៏ជាការនាំមកនូវការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ ព្រោះជាការធ្វើឲ្យរដ្ឋទទួលបានចំណូលកាន់តែច្រើនថែមទៀត ពីភ្ញៀវទេសចូលទស្សនាប្រាសាទអង្គរ។
នេះជាសមិទ្ធផលសំខាន់ៗមួយចំនួន ដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចនៅក្នុងឆ្នាំ២០១៦ បន្ថែមពីលើសមិទ្ធផលជាច្រើនទៀត បន្ទាប់ពីប្រទេសកម្ពុជាបានស្វែងរកឃើញនូវសុខសន្តិភាពពេញលេញ និងបញ្ចប់សង្រ្គាមទូទាំងផ្ទៃប្រទេសរយៈពេល ១៨ឆ្នាំមកនេះ។ តាមរយៈស្មារតី នៃកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីជាសេនាធិការទាំងអស់ គេរំពឹងថា នៅឆ្នាំ២០១៧ សមិទ្ធផលជាផ្លែផ្កាកាន់តែច្រើនទៀត នឹងបន្តកើតមានសម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់តែកម្សត់ក្នុងអន្លង់ នៃភ្លើងសង្រ្គាមអស់ជាច្រើនទសវត្សរ៍មកនោះ៕