(កែប)៖ ក្នុងឱកាសចុះសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តកែប នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម កំពុងពិនិត្យលទ្ធភាពដាក់ផ្កាអំបិលខេត្តកែប ឲ្យទៅជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្រសម្រាប់ខេត្តកែប ដោយសារខេត្តនេះ ជាប្រភពមិនចេះរីងស្ងួត នៃអំបិលធម្មជាតិ និងផលនេសាទសមុទ្រ។
លោករដ្ឋមន្ត្រីបន្តថា បើសិនគោលដៅនេះបានសម្រេច វានឹងធ្វើឲ្យខេត្តកែប កាន់តែមានភាពទាក់ទាញចំពោះវិនិយោគិន និងភ្ញៀវទេសចរ ដែលនឹងជួយបង្កើតឱកាសការងារ និងប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ប្រជាជន។
«អំបិល ជាគូនឹងម្រេច ដូច្នេះចក្ខុវិស័យរបស់យើង គឺជួយឲ្យខេត្តកែបមានទំនិញសម្គាល់ភូមិសាស្ត្រមួយ ដូចជាខេត្តកំពតដែរ ហើយយើងកំពុងសិក្សាលើផ្កាអំបិល ដោយសារមានប្រទេសជាច្រើនកំពុងចាប់អារម្មណ៍លើផលិតផលនេះ»។ លោករដ្ឋមន្ត្រី បានអះអាងបញ្ជាក់។
លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនមន្ត្រីទាំងអស់ទៀតថា ដើម្បីរួមចំណែកថែរក្សាសុខមាលភាពប្រជាជន និងភ្ញៀវទេសចរ ដែលចូលមកកម្សាន្តក្នុងខេត្តកែប ជាង ១លាននាក់រៀងរាល់ឆ្នាំ ក្រសួងពាណិជ្ជកម្មបានកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តមួយចំនួន នៅក្រោមវិស័យពាណិជ្ជកម្ម ក្នុងនោះក៏មានច្បាប់ការពារអ្នកប្រើប្រាស់ ដើម្បីផ្តល់អំណាចដល់មន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងការបំពេញភារកិច្ចត្រួតពិនិត្យទំនិញឲ្យកាន់តែមានប្រសិទ្ធភាព។
គួររំលឹកដែរថា ការដាក់ម្រេចជាផលិតផលសម្គាល់ភូមិសាស្ត្រ សម្រាប់ខេត្តកំពត បានប្រើរយៈពេលជាង៥ឆ្នាំ និងថវិកាប្រមាណ ១លានអឺរ៉ូ។ បបច្ចុប្បន្ន ម្រេចកំពតត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីសហគមន៍អឺរ៉ុប និងប្រទេសផ្សេងៗជាច្រើនក្នុងពិភពលោក ដែលជាមោទនភាពសម្រាប់ក្រសួងពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ជាពិសេសទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)៕