(កែប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងរំលឹកមន្រ្តីពាណិជ្ជកម្មឲ្យចេះប្រើប្រាស់ធនធានមនុស្សនៅជុំវិញខ្លួន ដោយមិនរើសអើង ឬ ប្រកាន់បក្ខពួកនោះឡើយ ជាពិសេសត្រូវផ្តល់ឱកាសដល់សហការីឲ្យបញ្ចេញមតិដោយសមធម៌។
ការថ្លែងក្រើនរំលឹកបែបនេះ បានធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកែប នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ។ ដើម្បីឲ្យការបម្រើការងារនៅមន្ទីរពាណិជ្ជកម្មខេត្តកែប ទទួលបានលទ្ធផលល្អប្រសើរ លោក ប៉ាន សូរស័ក្តិ បានជំរុញឲ្យមន្រ្តីក្នុងមន្ទីរពាណិជ្ជកម្មខេត្តកែប ត្រូវចេះសហការគ្នាធ្វើការងារ និងត្រូវចេះគោរពតាមតួនាទី ភារកិច្ច ជាពិសេសត្រូវធ្វើតាមបទដ្ឋានច្បាប់។
លោក ប៉ាន សូរស័ក្តិ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមផ្តាំផ្ញើដល់មន្ត្រីទាំងអស់ ពង្រឹងកិច្ចសហការល្អជាមួយគ្រប់ស្ថាប័ន និងអង្គភាពសមត្ថកិច្ចពាក់ព័ន្ធ និងគោរពតាមការចង្អុលណែនាំរបស់ក្រុមប្រឹក្សាខេត្ដ គណៈអភិបាលខេត្ដ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង។ ត្រូវចេះសម្របសម្រួលរាល់បញ្ហាដែលកើតមាន ចេះធ្វើទំនាក់ទំនងរវាងខ្សែបណ្ដោយ និងខ្សែទទឹង ចេះប្រើប្រាស់ធនធានមនុស្សដែលនៅជុំវិញខ្លួនដោយមិនរើសអើង ឬប្រកាន់បក្សពួក និងចេះផ្ដល់ឱកាសដល់សហការីចូលរួមបញ្ចេញមតិដោយសមធម៌ ក្នុងការសម្រេចកិច្ចការរបស់មន្ទីរ ហើយចុងក្រោយត្រូវចងចាំថា អ្វីៗទាំងអស់ត្រូវតែយកបទដ្ឋានច្បាប់ធ្វើជាគោល»។
សូមបញ្ជាក់ថា ក្រោយពេលឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានធ្វើដំណើរចុះជួបមន្រ្តីតាមមន្ទីរពា ណិជ្ជកម្មជាបន្តបន្ទាប់។ រាល់ពេលចុះទៅនោះ លោករដ្ឋមន្រ្តី តែងជំរុញមន្រ្តីតាមមន្ទីរពាណិជ្ជកម្មប្រឹងប្រែងធ្វើការរួមគ្នា ដើម្បីសម្រេចការ ងារលើវិស័យពាណិជ្ជកម្មឲ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ប្រទេសជាតិ៕